សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី
(រតនគិរី)៖ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា ជុំវិញខេត្តរតនគិរី ដែលជាខេត្តភាគឦសាននៃប្រទេសកម្ពុជា។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តជិត ៨០០នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជាដំណើរឆ្ពោះទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦។ រាជធានី ខេត្តចំនួន២០រួចមកហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ កណ្តាល សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ខេត្តក្រចេះ និងមណ្ឌលគិរី។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI បានឱ្យដឹងថា ខេត្តរតនគិរី ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយ ៥៨៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានផ្ទៃដីសរុប ១០,៧៨២គីឡូម៉ែត្រក្រឡា និងរចនាសម្ព័ន្ធដែនដីចែកចេញជា ១ក្រុង ៨ស្រុក ៤៦ឃុំ ៤សង្កាត់ និង២៤៣ភូមិ។ ខេត្តមានប្រជាជនសរុបចំនួន ២៣៥,៨៣០នាក់ ក្នុងនោះប្រុសស្មើនឹង ៥០.៧១ភាគរយ និងស្ត្រីស្មើនឹង ៤៩.២៨ភាគរយ ស្មើនឹង ៥៨,៦៨៨គ្រួសារ។
ខេត្តរតនគិរី មានជនជាតិដើមភាគតិចចំនួន ៨អម្បូរ ក្នុងនោះមានជនជាតិព្នង ទំពួន ចារាយ គ្រឹង ព្រៅ កាចក់ កាវ៉ែត ព្នង និងជនជាតិលន់ សរុបចំនួន ១៣២,១៩៩នាក់ ស្មើនឹង ៣៣,៩៨៧គ្រួសារ ប្រមាណ ៥៦.០២ភាគរយនៃប្រជាជនសរុបទូទាំងខេត្ត។
ខេត្តរតនគិរី មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តក្វាងង៉ាយ ប្រទេសវៀតណាម ដែលប្រវែងប្រមាណ ២២១គីឡូម៉ែត្រ ខាងជើងជាប់នឹងខេត្តអត្តពឺ ប្រទេសឡាវ មានប្រវែងប្រមាណ ១៧០គីឡូម៉ែត្រ និងខាង ត្បូងជាប់នឹងខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋក្នុងខេត្តភាគច្រើនប្រកបរបរកសិកម្ម ស្មើនឹង ៨៣,៥០ភាគរយ របរធ្វើសិប្បកម្ម ០.៤០ភាគរយ និងរបរសេវាកម្ម១៦.១ភាគរយ។ សេដ្ឋកិច្ចខេត្ត មានចំណូល ៤១៤លានដុល្លារ គិតត្រឹមឆ្នាំ២០២៥ មានកំណើន ៥.៣ភាគរយ និង GDP ១,៨៩៨ដុល្លារ/នាក់ ក្នុងឆ្នាំ២០២៥។
ខេត្តរតនគិរី មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ១កន្លែង គឺច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិអូរយ៉ាដាវ។ ខេត្តមានទន្លេពីរហូរកាត់ គឺទន្លេសេសាន និងទន្លេស្រែពក។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅក្នុងនីតិកាលចាស់ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅក្នុងនីតិកាលថ្មី បានដាក់ចេញនូវយុទ្ធសាស្ត្រ ផែនការ និងក្របខ័ណ្ឌគោលនយោបាយជាច្រើន ដើម្បីជំរុញការអភិវឌ្ឍជាតិ លើកកម្ពស់វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន រួមនិងការដោះស្រាយបញ្ហាសង្គមផ្សេងៗ។
តាមរយៈការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយនានា បានធ្វើឱ្យប្រទេសជាតិនិយាយជារួម និងនៅខេត្តរតនគិរី និយាយដោយឡែក មានការអភិវឌ្ឍរីកចម្រើនឈានឡើងគួរជាទីមោទនៈ។ អាស្រ័យដោយមានការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តការងារពីគ្រប់តួអង្គ និងសមាសភាពពាក់ព័ន្ធក្នុងខេត្ត ជាពិសេសដោយមានគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យមូលដ្ឋានខេត្តរតនគិរី នៅតែបន្តទទួលបានទំនុកចិត្ត និងការពេញចិត្តពីសំណាក់វិនិយោគិន។
បច្ចុប្បន្នខេត្ត មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ២៧ក្រុមហ៊ុន រួមមាន៖ ក្រុមហ៊ុនវៀតណាម ចំនួន១៣ ក្រុមហ៊ុនចិន ចំនួន៣ក្រុមហ៊ុន សិង្ហបុរី ១ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុក ១០ក្រុមហ៊ុន បានផ្តល់ការងារជូនកម្មករ និយោជិតសរុបប្រមាណ ១៥,៥៨២នាក់។
ដោយឡែកតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគភូមិភាគឦសាន្ត ២០២៥- ២០២៨ ក្រុមការងារ បានកំពុងដំណើរការរៀបចំជំរុញឱ្យវិនិយោគគិនបោះទុនវិនិយោគនៅក្នុងខេត្ត និងប្រែក្លាយក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ចដែលអសកម្មឱ្យដំណើរការឡើងវិញជាមួយនឹងលក្ខ័ណ្ឌពិសេសពីកម្មវិធី ដើម្បីជាចលករជំរុញសេដ្ឋកិច្ចខេត្ត។
គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ នៅទូទាំងខេត្តរតនគិរី មានរោងចក្រធុនធំចំនួន ៩រោងចក្រ ក្នុងនោះ៖ រោងចក្រកែច្នៃកៅស៊ូចំនួន៥ កែច្នៃចេកចំនួន២ កែច្នៃកៅស៊ូ ផ្លែឈើចំនួន១ នឹង កែច្នៃដំឡូងមីចំនួន១ និងមានកម្មករសរុបចំនួន១,៧៦៥នាក់។
សហគ្រាសធុនតូច មធ្យម និងសិប្បកម្មមានចំនួន ៣៣២មូលដ្ឋាន និងមានកម្មករចំនួន ១,៩៣៩នាក់ ស្រី ៣៥០នាក់។
ទន្ទឹមគ្នានេះនៅក្នុងខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មលើវិស័យធនធានរ៉ែ មានដូចជាឧស្សាហ- កម្មរ៉ែមាសមាន ២ក្រុមហ៊ុន អាជីវកម្មថ្មអារមាន ១០ក្រុមហ៊ុន អាជីវកម្មថ្មសំណង់មាន ៣ក្រុមហ៊ុន និងអាជីវកម្មខ្សាច់ សំណង់មាន ៨ក្រុមហ៊ុន។
ក្រុមការងារជំរុញការវិនិយោគភូមិភាគឦសាន បានទទួលសំណើគម្រោងចំនួន១១គម្រោង ដែលមានទឹកប្រាក់ប្រមាណ ៨៦៣លានដុល្លារ ផ្តល់ឱកាសការងារជាង ៨,០០០កន្លែង។
ចំពោះការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្ត ក៏បានបន្តការគិតគូរក្នុងការពង្រឹងពង្រីកការកសាងឲ្យកាន់តែមានគុណភាព និងមានភាពប្រទាក់ក្រឡា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ បម្រើឲ្យការងារបង្កបង្កើនផល និង សកម្មភាពសេដ្ឋកិច្ច ដោយគិតមកដល់ពេលបច្ចុប្បន្ននៅទូទាំងខេត្តមានផ្លូវជាតិ០៤ខ្សែ ប្រវែង ៤១៣,៥១៨គីឡូម៉ែត្រ ផ្លូវខេត្តសរុប ១៥ខ្សែ ប្រវែង ៧១៥គ.ម ផ្លូវជនបទសរុប ៣២៦ខ្សែ ប្រវែង១,២១១គ.ម។
ខេត្តរតនគិរី មានទំនប់ទឹកចំនួន ១៤ទីតាំង ប្រវែង ៨,៥៨៧ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីនៅរដូវវស្សាប្រមាណ ២,៩១២ហិកតា និងរដូវប្រាំង ៤៥ហិកតា និងមានអាងស្តុបទឹក ១១ទីតាំង ផ្ទុកទឹកបាន ២,៨៧៥,០០០ម៉ែត្រគូប។
– វិស័យអប់រំ៖ នៅទូទាំងខេត្តមានសាលារៀនរដ្ឋ និងឯកជនសរុបចំនួន ៤៣៣សាលា បុគ្គលិកអប់រំទូទាំងខេត្តសរុប ១,៧៤២នាក់ ស្រី ៧៩៣នាក់ និងសិស្សសរុប ៦០,៨៤៥នាក់ ស្រី ២៩,៩០៧នាក់ (សិស្សជនជាតិដើមភាគតិច ២៦,៥៥០នាក់ សី ១៣,៣៥៣នាក់) ក្នុងនោះរួមមាន៖ មត្តេយ្យសិក្សា ២២១សាលា/កន្លែង សិស្ស ៦,៦០៦ នាក់ បឋម ២៣០សាលា សិស្ស ៣៨,៨៥០នាក់ មានសិស្សជនជាតិដើមភាគតិច ១៧,៨៨៣នាក់ និងអនុវិទ្យាល័យ ២២សាលា សិស្ស ១០,០៥៣នាក់ វិទ្យាល័យ ១៣ សាលា សិស្ស ៥,៣៤០នាក់ មានសិស្សជនជាតិដើមភាគតិចនៅមធ្យមសិក្សា ៧,៨៤៨នាក់។
ប្រាំឆ្នាំចុងក្រោយ សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន ៧,០០០នាក់ ស្រី ៤,១៧៥នាក់ (សិស្សជនជាតិដើមភាគតិច ២,៦៥៤នាក់ ស្រី ១,៦៦៥នាក់) ក្នុងនោះ និទ្ទេស A ៤៥នាក់ ស្រី ២០នាក់។
ដោយឡែកឆ្នាំ២០២៥ មានបេក្ខជនប្រឡងមធ្យម សិក្សាទុតិយភូមិ ១,៨៨៤នាក់ ស្រី ១,០០៤នាក់ បេក្ខជនប្រឡងជាប់សរុប ១៦០៧នាក់ ស្រី ៨៨៣នាក់ស្មើនឹង ៨៥.៣០% (សិស្សជនជាតិដើមភាគតិច ៦៣៣នាក់ ស្មើនឹង ៣៩.៣៩% ស្រី៣៣៣ ) ក្នុងនោះបាន និទ្ទេស A ១៦នាក់ ស្រី០៦នាក់ (ជនជាតិដើមភាគ តិច ៣នាក់ ស្រី១នាក់)។
ចំពោះការងារអគ្គិសនី និងទឹកស្អាត បច្ចុប្បន្នបណ្តាញអគ្គិសនីចូលដល់ភូមិប្រជា ពលរដ្ឋ ២៣៤ភូមិ នៃ២៤៣ភូមិ ស្មើនឹង ៩៦.២៩ភាគរយ។ អគ្គិសនីក្នុងខេត្តមាន៤ប្រភព ស្មើនឹង ៣៤.០៥៦មេហ្កាវ៉ាត់។
ដោយឡែកការងារទឹកស្អាត ខេត្តរតនគិរី មានអង្គភាពផលិតកម្ម-អាជីវកម្ម ទឹកស្អាតសាធារណៈរបស់ឯកជន ចំនួន ៥ក្រុមហ៊ុន ស្ថិតនៅក្នុងក្រុងបានលុង ទីប្រជុំជន ស្រុកអូរជុំ ស្រុកបរកែវ ស្រុកលំផាត់ ស្រុកកូនមុំ និងស្រុកវើនសៃ។
ចំពោះវិស័យកសិកម្ម និងកសិឧស្សាហកម្ម ខេត្តមានផ្ទៃដីដាំកៅស៊ូសរុប ៧១,៣៥៦.៧ ហិកតា និងមានផ្ទៃដីចៀរជ័រ ៦២,៥៨៦.៤ហិកតា ស្វាយចន្ទីមានផ្ទៃដីសរុប ៩៨,៩៥៦ហិកតា ដំឡូងមីមានផ្ទៃដីដាំដុះសរុប ១៩,០៤១.៦ហិកតា ដំណាំស្រូវមានផ្ទៃដីចំនួន ៣៧,៥០០ហិកតា ទុរ ១,៦៨២ហិកតា ដំណាំម្រេចចំនួន ៥១២ហិកតា ដំណាំកាហ្វេចំនួន ៤៣,៥ហិកតា ដំណាំចេកអំបូងលឿង ១,៨៥៥ហិកតា ដំណាំស្វាយ ៣,៤០៧ហិកតា ក្រូចឆ្លូង ១៩៧ហិកតា តាង៉ែន ២២០ហិកតា ដំណាំកាកាវ ចំនួន ១៨ហិកតា និងដំណាំគួបផ្សំផ្សេងៗទៀត។
+ ផលិតកម្មសត្វ៖ មានការចិញ្ចឹមគោចំនួន ៨២,៧០៣ក្បាល ក្របី ១៣,០៨៤ក្បាល ជ្រូក ៣០,០៨៧ក្បាល និងបក្សីចំនួន ៤២៣,៩៧៨ក្បាល។
ចំពោះការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បច្ចុប្បន្នបានអុវត្តតាមយន្តការច្រកចេញចូលតែ មួយ ដោយក្នុងខេត្តមានអង្គភាពច្រកចេញចូលតែមួយចំនួន ១ទីតាំង និងការិយាល័យ ច្រក ចេញចូលតែមួយចំនួន៨ក្រុង ស្រុក (ស្រុកតាវែងកំពុងបំពាក់សម្ភារ)។
ក្នុងឆ្នាំ២០២៥ កន្លងមក អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តបានផ្តល់សេវាសរុប ចំនួន ៨,៩០៤សេវា ទទួលកម្រៃសេវា សរុបចំនួន ១,១៥៤លានរៀល និងការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក បានផ្តល់សេវាសរុបចំនួន ៣៣,២៤២សេវា ទទួលកម្រៃសរុបចំនួន ១៨៣លានរៀល។
– វិស័យសុខាភិបាល៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នៅក្នុងខេត្តមានស្រុកប្រតិបត្តិ ចំនួន ២កន្លែង មន្ទីរពេទ្យបង្អែកចំនួន៣ មណ្ឌលសុខភាពចំនួន ២៩មណ្ឌល និងប៉ុស្តិ៍ សុខភាព ៦ប៉ុស្តិ៍។
ខេត្តរតនគិរី មានបុគ្គលិកសុខាភិបាលសរុបចំនួន ៥១៤នាក់ ស្រី ២៤៦នាក់ ក្នុងនោះមានមន្ត្រីជាប់កិច្ចសន្យា ២៩នាក់ និងមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង ៣នាក់៕






