លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​

កំពង់ស្ពឺ៖ ដោយ​អនុវត្តតាមគោលការដឹកនាំយ៉ាងមុឺងម៉ាត់​បុិនប្រសពឈ្លាសវៃ​ប្រកបដោយគុណធម៌របស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​​ សៅ​​​ សុខា​  អគ្គ​មេបញ្ជាការ​រង​​​​ កងយោធពល​ខេមរ​ភូមិន្ទ​និងជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ព្រមទាំង​មាន​ការណែនាំ​ដោយផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាល​ខេត្ត​កំពង់ស្ពឺ​ ក្រោម​ការដឹកនាំ​បញ្ជាដោយផ្ទាល់​ យ៉ាង​មុឺងម៉ាត់​ប្រកបដោយ​ស្មារតី​បេះដូង​មនុស្ស​ធម៌ និងទំនួល​ខុស​ត្រូវ​ខ្ពស់​ ស្របតាម​តួនាទី​ភារកិច្ចស្នូលគឺ “បង្ការ បង្ក្រាប និងសង្គ្រោះ” ដោយចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះជីវិតអ្នកដែលត្រូវការឈាម។សកម្មភាពចូលរួមបរិច្ចាគនេះជាអំពើកុសលមួយដ៏មានតម្លៃដែលបានមគ្គផលខ្ពស់ណាស់ មិនថាយើងកាន់សាសនាណានោះទេ។

ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៦) ខាងមុខនេះ​ ជាក់ស្តែង​ នាព្រឹកថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានអញ្ជើញជាអធិបតីភាព ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន ចូលរួមបរិច្ចាគឈាមដោយស្ម័គចិត្ត ផ្តល់ជូនមន្ទីរពេទ្យខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម​ ដែលបានរៀបចំឡើងនៅសាលប្រជុំបញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​។

ក្នុង​ពីធី​នេះដោយការអញ្ជើញចូលរួម​ពីសំណាក់​ លោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ​ លោកមេបញ្ជាការរង,លោកនាយសេនាធិការរង​,លោកប្រធាន-អនុប្រធាន និងនាយ-នាយរងការិយាល័យចំណុះមន្ទីរទាំង៧,កងអនុសេនាធំកងរាជអាវុធហត្ថចល័តខេត្តកំពង់ស្ពឺ​​ និងលោកមេបញ្ជាការ-រង,នាយសេនាធិការនិងជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ និងស្នាក់ការសន្តិសុខ​​​ ព្រមទាំង​បងប្អូន​ប្រជា​ពលរដ្ឋ​ដែលមានចិត្តសប្បុរសធម៌ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ចូល​រួម​បរិច្ចាគឈាមផងដែរ។

ស្ថិតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ក៏បានលើកឡើងថា ចំពោះការបរិច្ចាគឈាមនេះគឺជាការចូលរួមគ្នាក្នុងសង្គមជាតិយើង ព្រមទាំងជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ ដោយក្នុងនាមជាកងកម្លាំងដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹង ទិសស្លោក «យុវជន យុវនារី ដើម្បីបុព្វហេតុជាតិមាតុភូមិ ខ្មែរជួយខ្មែរ ខ្មែរធ្វើបាន»។ លោកឧត្តម​សេនីយ៍​ត្រី ​មេបញ្ជាការ​ បានបន្តទៀតថា «យើងមិនចាំបាច់ទាល់តែក្លាយខ្លួនជាគ្រូពេទ្យទើបអាចជួយសង្គ្រោះជីវិតមនុស្សទេ យើងអាចជួយគ្នាបានតាមរយៈបរិច្ចាគឈាមត្រឹមតែមួយប្លោករបស់យើង»។ ហើយពេលនេះគឺជាលើកទី៣ហើយ ដែលលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដឹកនាំនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាមផងដែរ។

សូម​បញ្ចាក់​ផង​ថា​ ក្នុងរយៈ​ពេល​នេះ​ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន​​ បានចាត់ក្រុមការងារជាតំណាងធ្វើការ សហការជាមួយ​មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម​​ ដើម្បី​ទទួល​បាន​ឈាម​ ក្នុងការអន្តរាគមន៍ជួយសង្រ្គោះ​ដល់ប្រជាពលរដ្ឋមានទុកលំបាក ជីវភាព​ខ្វះខាត​ មានជំងឺប្រចាំកាយ ​ហើយត្រូវាការឈាមជាបន្ទាន់បានជាច្រើននាក់មកហើយ ក្នុងការព្យាបាលជំងឺផងដែរ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកវិជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឍមណ្ឌលជាតិផ្តល់ឈាម និងលោកវិជ្ជបណ្ឌិត ឡុង វិសិទ្ធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងក្រុមការងារ ព្រមទាំងបានកោតសរសើរដល់នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទាំងអស់ រួម​បងប្អូន​សប្បុរសជន​ដែលបានចូលរួមបរិច្ចាកឈាមដោយស្ម័កចិត្តនាពេលនេះ​​ ជាពិសេសសូមជូនពរអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

You might also like