មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យផ្សព្វផ្សាយពីសារធាតុគីមីហាមឃាត់ដែលច្បាប់មិនអនុញ្ញាតបន្ថែមទៅលើម្ហូបអាហារនៅផ្សារពាណិជ្ជកម្ម
ដោយមានការយកចិត្តទុកដាក់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក ជា ប៉ិច អនុប្រធានសាខា បានដឹកនាំមន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត គណៈកម្មការផ្សារ ចុះត្រួតពិនិត្យ និងស្រង់តម្លៃទំនិញម្ហូបអាហារ ព្រមទាំងផ្សព្វផ្សាយពីសារធាតុគីមីហាមឃាត់នៅផ្សារពាណិជ្ជកម្ម ក្រុងព្រះសីហនុ។
សាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ បានឱ្យដឹងថា សកម្មភាពត្រួតពិនិត្យនេះ គឺដើម្បីតាមដានតម្លៃទំនិញនៅលើទីផ្សារលើការដាក់តាំងលក់ឱ្យមានអនាម័យ និងតាមប្រភេទទំនិញម្ហូបអាហារដាច់ដោយឡែកពីទំនិញប្រើប្រាស់ផ្សេងៗ ដោយអប់រំផ្សព្វផ្សាយអំពីសារធាតុគីមីហាមឃាត់មួយចំនួន ដែលច្បាប់មិនអនុញ្ញាតបន្ថែមទៅលើម្ហូបអាហារ និងយកសំណាកគំរូម្ហូបអាហារជាច្រើនប្រភេទ ដើម្បីធ្វើការតេស្តបឋមនៅលើរថយន្តពិសោធន៍ចល័ត រួមមាន គ្រឿងសមុទ្រ បង្គារ ម៉ឹក ត្រីសមុទ្រ ត្រីងៀត បង្គារក្រៀម តៅហ៊ូ សណ្តែកបណ្តុះ ប្រហិតសាច់គោ សាច់បាតេ ឈាមជ្រូក ខ្ញីហាន់ សាច់ក្រក បន្លែ ផ្លែឈើ។ ជាលទ្ធផលពុំឃើញវត្តមានសារធាតុគីមីហាមឃាត់ ឬ សំណល់ថ្នាំកសិកម្មនៅក្នុងម្ហូបអាហារទាំងអស់នោះឡើយ។
ក្រៅពីនោះក្រុមការងារសាខា ក.ប.ប. ខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តបានធ្វើការត្រួតពិនិត្យម្ហូបអាហារស្រស់ ពិនិត្យទំនិញគ្រឿងកំប៉ុង កញ្ចប់ និងទំនិញម្ហូបអាហារវេចខ្ចប់ស្រាប់នៅតាមតូប ស្តង់លក់គ្រឿងទេសក្នុងផ្សារផងដែរ ដើម្បីស្វែងសារធាតុហាមឃាត់។
មន្ត្រី សាខា ក.ប.ប ខេត្តព្រះសីហនុបានកោរសរសើដល់បងប្អូនអាជីវករ ដែលមានមនសិការខ្ពស់ចូលរួមពហិការមិនបន្តលក់ទំនិញថៃ ដោយបានប្រគល់ជូនមន្ត្រី ក.ប.ប យកទៅកម្ទេចចោលរួមមាន M-150 ចំនួន 36 កេស ស្មើនឹង 504 kg OISHI 25 កេស ស្មើនឹង 325 kg សរុប 61 កេស ស្មើនឹង 829 kg ។
មន្ត្រីសាខា ក.ប.ប ខេត្តព្រះសីហនុ បានសំណូមពរអាជីវករលក់ដូរនៅទូទាំងខេត្តព្រះសីហនុ ជាពិសេសអាជីវករលក់គ្រឿងសមុទ្រទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមី ដែលនាំឱ្យប៉ះពាល់សុខភាពអ្នកបរិភោគ ត្រូវចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងមន្ត្រីជំនាញសាខា ក.ប.ប ខេត្តព្រះសីហនុ ដើម្បីរក្សាបាននូវសុវត្ថិភាព សុខភាព ម្ហូបអាហារជូនភ្ញៀវជាតិ-អន្តរជាតិ ដែលបានមកលេងកំសាន្តនៅខេត្តព្រះសីហនុ៕






