កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនបរទេស៣៤នាក់

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន ៣កន្លែង ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានរកឃើញជនបរទេសចំនួន ៣៤នាក់ (ស្រី ១០នាក់) មាន ២សញ្ជាតិ រួមមាន៖ ជនជាតិចិន ៩នាក់ (ប្រុស) និងជនជាតិឥណ្ឌូនេស៊ី ២៥នាក់ (ស្រី ១០នាក់)។ ជាមួយគ្នានេះ ក៏បានរកឃើញជនជាតិខ្មែរចំនួន ៤នាក់ (ស្រី ២នាក់) ផងដែរ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានបញ្ជូនជនជាតិចិន ៩នាក់ (ប្រុស) និងជនជាតិខ្មែរ ៤នាក់ (ស្រី ២នាក់) ទៅបន្តនីតិវិធីនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨៩១។ ដោយឡែក ជនជាតិឥណ្ឌូនេស៊ី ២៥នាក់ (ស្រី ១០នាក់) ដែលមានឯកសារគ្រប់គ្រាន់ ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅបន្ត។
ការចុះត្រួតពិនិត្យទីតាំងទី១ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ក្រុមការងារបានរកឃើញជនជាតិចិន ៩នាក់ (ប្រុស) កំពុងជញ្ជូនសម្ភារៈជាច្រើនកេសដាក់ក្នុងរថយន្ត។
ក្រោយការឆែកឆេរ ក្រុមការងារបានរកឃើញសម្ភារៈមួយចំនួន ដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
តាមការធ្វើកោសល្យវិច័យរបស់ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា នេះជាករណីឆបោកក្រោមរូបភាពក្លែងខ្លួនជាក្រុមហ៊ុនពាណិជ្ជកម្ម និងបោះដុំទំនិញប្រើប្រាស់ផ្សេងៗ ដោយមានគោលដៅឆបោកទៅប្រទេសចិន និងប្រទេសសិង្ហបុរី។
ក្រុមការងារបានដកហូតរថយន្ត និងសម្ភារៈ រួមទាំងបញ្ជូនជនបរទេសខាងលើទៅបន្តនីតិវិធីនៅវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ព្រមទាំងបន្តស្រាវជ្រាវរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន។
ចំណែកឯទីតាំងទី២ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដូចគ្នា ក្រុមការងារពុំបានរកឃើញជនបរទេសឡើយ តែបានឃើញរថយន្តមួយគ្រឿងចតចោលនៅខាងមុខផ្ទះ។
ដោយមានការសង្ស័យ លោកព្រះរាជអាជ្ញារងបានអនុញ្ញាតឱ្យឆែកឆេររថយន្ត ហើយរកឃើញសម្ភារៈមួយចំនួន ដែលជាសញ្ញាណនៃការប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្រុមការងារបានដកហូតរថយន្ត រួមជាមួយវត្ថុតាង យកទៅបន្តនីតិវិធី។
រីឯទីតាំងទី៣ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រុមការងារបានរកឃើញជនជាតិឥណ្ឌូនេស៊ី ២៥នាក់ (ស្រី ១០នាក់) ដែលមានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។
ពួកគេធ្លាប់បម្រើការងារនៅកាស៊ីណូ អេមឺរ៉ល់ ហើយបច្ចុប្បន្នកំពុងស្នាក់នៅទីតាំងនេះរង់ចាំអ្នកគ្រប់គ្រងទិញសំបុត្រយន្តហោះដើម្បីត្រឡប់ទៅស្រុកកំណើតវិញ។ ក្រុមការងារចម្រុះបានផ្សព្វផ្សាយអប់រំណែនាំម្ចាស់ទីតាំង និងធ្វើកិច្ចសន្យា។
ប្រតិបត្តិការនេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់នេះ គឺដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាកិត្តិយសជាតិ។

You might also like