កម្លាំងគណៈបញ្ជាការឯកភាពខេត្តត្បូងឃ្មុំ បន្តចុះត្រួតពិនិត្យទីតាំងស្នាក់នៅមួយកន្លែង រកឃើញជនបរទេស ២១នាក់

(ត្បូងឃ្មុំ)៖ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យទីតាំងបន្ទប់ជួលមួយកន្លែង ដែលសង្ស័យមានការស្នាក់នៅខុសច្បាប់ និងការប្រព្រឹត្តបទល្មើស Online Scams។
ប្រតិបត្តិការនេះមានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (ប្រចាំការខេត្តត្បូងឃ្មុំ) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក។ ជាលទ្ធផល ក្រុមការងារបានរកឃើញអគារចំនួន ១ខ្នង មាន ១៣បន្ទប់ និងជនជាតិបរទេសកំពុងស្នាក់នៅចំនួន ២១នាក់ ក្នុងនោះមានស្រីចំនួន ៨នាក់ ព្រមទាំងសម្ភារៈមួយចំនួន។
ដោយមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ជនបរទេសទាំង ២១នាក់ខាងលើ ត្រូវបានកម្លាំងជំនាញបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។
បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនៅតែបន្តចុះស្រាវជ្រាវ ត្រួតពិនិត្យ និងស្វែងរកទីតាំងដែលមានការសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស និងការរស់នៅប្រមូលផ្តុំខុសច្បាប់នៅក្នុងភូមិសាស្ត្រទាំង ៧ក្រុង ស្រុក នៃខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ អាជ្ញាធរក៏បន្តធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងជនបរទេសនៅកម្ពុជា៕

You might also like