គ្រួសារមានកូនភ្លោះ កូនតូច និងស្ត្រីម៉េមាយចាស់ជរា ទីទ័លក្រ ចំនួន ៣គ្រួសារ ទទួលបានឃីតមនុស្សធម៌កាកបាទក្រហមកម្ពុជា

ខេត្តមណ្ឌលគិរី ៖ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក នា ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦ លោក អាន សុឃីម នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមទាំងសហការី និងអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកែវសីមា បានចុះសួរសុខទុក្ខ និងឃីតមនុស្សធម៌ កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារកូនភ្លោះ៣នាក់ អាយុ១ខួបកន្លះ ១គ្រួសារ ,គ្រួសារមានកូនតូច ១គ្រួសារទៀត អាយុជាង១ខួប មានជីវភាពខ្វះខាត នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងស្រ្តីមេម៉ាយ ចាស់ជរា ទីទ័លក្រ ១គ្រួសារ នៅភូមិថ្មី ឃុំស្រែខ្ទុម ស្រុកកែវសីមា ។

លោក អាន សុឃីម នាយកប្រតិបត្តិសាខា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត ដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

ឃីតមនុស្សធម៏ ដែលផ្តល់ជូនគ្រួសាររងគ្រោះចំនួន ៣គ្រួសារ មានក្នុង ១គ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មីជាតិ ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ១យួរ ឃីតចំនួន១ ដោយឡែក និងថវិកាចំនួន ១០០,០០០រៀល ៕

You might also like