គ្រូផ្អែកលើកិច្ចព្រមព្រៀង ប្រាប់ពីបទពិសោធន៍ប្រឡងស្របពេលដែលមានការជ្រើសរើសគ្រូជាង ៥០០០កន្លែងនៅឆ្នាំនេះ
គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ជាគ្រូបង្រៀនថ្មីក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលទើបបានចេញបង្រៀន នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ។ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ បានចែករំលែកជាបទពិសោធន៍ ពីការត្រៀមខ្លួនប្រឡង ប្រាប់ពីវិញ្ញាសាដែលធ្លាប់បានចេញ ស្របពេលដែលនៅឆ្នាំ ២០២៦នេះ នឹងមានការជ្រើសរើសគ្រូបង្រៀនជាង ៥ ០០០កន្លែងបន្ថែមទៀត ដើម្បីបំពេញទៅតាមសាលារៀនគោលដៅដែលជួបបញ្ហាខ្វះគ្រូបង្រៀន។
នៅឆ្នាំ ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការជ្រើសរើសគ្រូបង្រៀនថ្មីបន្ថែមទៀត ដើម្បីបំពេញទៅតាមតម្រូវការជាក់ស្ដែង។ ការជ្រើសរើសគ្រូបង្រៀននេះ គឺមានចំនួនរហូតដល់ជាង ៥ ០០០កន្លែង នេះបើតាមប្រសាសន៍ របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាក្រសួងដែលទទួលខុសត្រូវការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ឯកឧត្តមបញ្ជាក់ថា ការប្រឡងជ្រើសរើសគ្រូបង្រៀននេះ នឹងរៀបចំឡើងនៅក្នុងឆ្នាំ ២០២៦ផ្ទាល់តែម្ដង ហើយក៏មានការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្របខណ្ឌក្រសួង-ស្ថាប័នដទៃដែរ។ ការលើកឡើងនេះ ធ្វើឡើងកាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ។
ស្របពេលដែលនឹងមានការជ្រើសរើសគ្រូបង្រៀនបន្ថែមនេះ លោកគ្រូ ម៉ន ពេជ្រ និងអ្នកគ្រូ ខេន ណាវី ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារជំនាន់ទី ១ ដែលបច្ចុប្បន្នកំពុងបង្រៀនសិស្សនៅសាលាបឋមសិក្សាត្រពាំងក្រូច នៅស្រុកបាទី ខេត្តតាកែវ បានចែករំលែកជាបទពិសោធន៍ពីការត្រៀមខ្លួន សម្រាប់ការប្រឡងឱ្យបានជោគជ័យ។ លោកគ្រូ អ្នកគ្រូ បានបញ្ជាក់ពីវិញ្ញាសាដែលធ្លាប់បានចេញប្រឡង សៀវភៅដែលត្រូវមើល ទាំងវិញ្ញាសាជាភាសាខ្មែរ គណិតវិទ្យា ក៏ដូចជាវិញ្ញាសាភាសាអង់គ្លេស។
ការជ្រើសរើសគ្រូបង្រៀននៅក្នុងឆ្នាំនេះ ពុំទាន់មានការបញ្ជាក់លម្អិត ថាជ្រើសរើសសម្រាប់សាលារៀន នៅកម្រិតបឋម អនុវិទ្យាល័យ ឬកម្រិតវិទ្យាល័យនោះទេ ហើយក៏ពុំទាន់មានការបញ្ជាក់ថា ជ្រើសរើសសម្រាប់រាជធានី-ខេត្តគោលដៅណាមួយនោះដែរ។
យ៉ាងណាម៉ិញ កាលពីចុងឆ្នាំ ២០២៥កន្លងទៅ ការប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការត្រូវបានរៀបចំជាលើកដំបូង ដោយជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារជាង ៣០០០កន្លែង សម្រាប់កម្រិតបឋមសិក្សា នៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន ខេត្តព្រៃវែង បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និងខេត្តតាកែវ៕






