កម្ពុជា ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli) របស់កងកម្លាំងថៃ
បើទោះបីមានបទឈប់បាញ់រវាងយោធាកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយក៏យោធាថៃបានបន្តសកម្មភាពបំពានទឹកដីកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដោយជាក់ស្តែងកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងថៃបានដាក់ទូកុងតឺន័រ រាយបន្លាលួស និងលើកទង់ជាតិរបស់ខ្លួននៅតំបន់ថ្មដា ក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជាមួយគ្នានេះនៅតាមទីតាំងជាច្រើនទៀតនៃដែនអធិបតេយ្យភាពកម្ពុជា ក៏ត្រូវបានយោធាថៃរំលោភបំពាន មានដូចជាតំបន់បឹងត្រកួន ភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងតំបន់ប្រាសាទមួយចំនួនទៀត ដែលជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
ទន្ទឹមនេះ ទាហានឈ្លានពានថៃ បានបន្តការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍ ការរៀបចំពិធីសាសនានៅតាមប្រាសាទដែលជាបេតិកភណ្ឌវប្បធម៌ និងសាសនារបស់កម្ពុជា ព្រមទាំងការបំផ្លាញ និងជំនួសរូបសំណាកសាសនាផ្សេងទៀត។ ទោះបីជាកម្ពុជាបានធ្វើការតវ៉ាជាផ្លូវការម្តងហើយម្តងទៀតយ៉ាងណាក៏ដោយ សកម្មភាពទាំងនេះ នៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះ។
កម្ពុជាបញ្ជាក់ម្តងហើយម្តងទៀត គឺប្រឆាំងយ៉ាងដាច់អហង្ការចំពោះសកម្មភាពកែប្រែស្ថានភាពដើមលើដីជាក់ស្តែង (fait accompli) របស់កងកម្លាំងថៃ លើដែនអធិបតេយ្យភាពកម្ពុជា ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើប្រាស់កម្លាំងណាមួយនោះទេ។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ និងតវ៉ាជាផ្លូវការចំពោះសកម្មភាពឈ្លានពានទាំងនេះ ហើយបានអំពាវនាវដល់ភាគីថៃឱ្យគោរពច្បាប់អន្តរជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយការបន្តរំលោភបំពាននេះ នឹងបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅតាមបណ្តោយព្រំដែន ដែលទាមទារឲ្យមានការដោះស្រាយដោយសន្តិវិធី និងគោរពតាមគោលការណ៍ច្បាប់អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ខ្ជាប់គោរព ស្មោះត្រង់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងការសម្រេចបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់ក្រសួងព័ត៌មាន ក្រុមអ្នកសារព័ត៌មានជាតិជាច្រើនអង្គភាព បានចុះទៅផ្តិតយករូបភាពទីតាំងរំលោភបំពាននេះ នៅឃុំថ្មដារ ខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។






