រដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមជួបប្រជុំក្រៅផ្លូវការជាមួយសមភាគីមីយ៉ាន់ម៉ា នៅចុងសប្តាហ៍នេះ
(ហាណូយ)៖ ក្រសួងការបរទេសថៃ និងវៀតណាម បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសជាសមាជិកអាស៊ាន (ASEAN) នឹងរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា នៅក្នុងទីក្រុងបាងកក នាថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជំនួបនេះធ្វើឡើងស្របពេលដែលរដ្ឋាភិបាលគាំទ្រដោយយោធាថ្មីរបស់មីយ៉ាន់ម៉ា ដែលទើបឡើងកាន់អំណាចក្រោយការបោះឆ្នោតកាលពីដើមឆ្នាំ កំពុងព្យាយាមស្វែងរកការលុបចោលបម្រាមប្រឆាំងនឹងមេដឹកនាំរបស់ខ្លួន។ គួររំលឹកថា កន្លងមក ថ្នាក់ដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានអាស៊ានហាមឃាត់មិនឱ្យចូលរួមកិច្ចប្រជុំកំពូលនានាឡើយ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ២០២១ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង (Pham Thu Hang) បានបញ្ជាក់ថា ជំនួបនៅបាងកកនេះគឺជាឱកាសដ៏ល្អសម្រាប់ប្រមុខការទូតអាស៊ាន ក្នុងការផ្លាស់ប្តូរទស្សនៈដោយផ្ទាល់ ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញកិច្ចសន្ទនាផ្សះផ្សាជាតិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា កាលពីខែឧសភា រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១១ប្រទេស បានយល់ព្រមរៀបចំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយអ្នកការទូតកំពូលមីយ៉ាន់ម៉ា។ ថ្វីត្បិតតែអាស៊ានធ្លាប់កាត់ផ្តាច់ទំនាក់ទំនងជាមួយរបបយោធាមីយ៉ាន់ម៉ា ដោយសារមិនព្រមអនុវត្ត «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច» ក្តី ប៉ុន្តែបច្ចុប្បន្នប្រទេសសមាជិកមួយចំនួនបានផ្លាស់ប្តូរគោលជំហររបស់ខ្លួនបណ្តើរៗហើយ។ ជាក់ស្តែង ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោងឡាំង (Min Aung Hlaing) ទើបតែបានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវកាលពីសប្តាហ៍មុន ដែលជាដំណើរទស្សនកិច្ចដំបូងបំផុតទៅកាន់ប្រទេសសមាជិកអាស៊ាន ចាប់តាំងពីលោកឡើងកាន់តំណែងស៊ីវិលថ្មីនេះ៕






