អគ្គិភ័យឆេះអគារខុនដូរនៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វារ សមត្ថកិច្ចគ្រប់គ្រង និងពន្លត់បានទាំងស្រុង

(ភ្នំពេញ)៖ អគ្គិភ័យឆេះអគារខុនដូរនៅជាន់ទី៤៣ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សមត្ថកិច្ចជំនាញគ្រប់គ្រង និងពន្លត់បានទាំងស្រុងហើយ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានអះអាងថា បន្ទាប់ពីមានហេតុការណ៍អគ្គិភ័យកើតឡើង កម្លាំងជំនាញនៃការិយាលនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងរថយន្ដជំនួយបានចេញប្រតិបត្តិការភ្លាមៗ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ត្បិតបើអគ្គិភ័យឆេះនៅជាន់ខ្ពស់បំផុតនៃអគារក៏ដោយ ប៉ុន្ដែសមត្ថកិច្ចជំនាញបានប្រើប្រាស់វិធីសង្គ្រោះតាមបច្ចេកទេស រួមជាមួយសម្ភារសង្គ្រោះនៅក្នុងអគារទើបពន្លត់បានទាំងស្រុងទាន់ពេលវេលា ដោយមិនបង្កឲ្យមានការគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬរងគ្រោះថ្នាក់ដល់មនុស្សឡើយ៕

You might also like