យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ កំពុងបន្តដំណើរយ៉ាងស្វាហាប់
យុទ្ធនាការ “និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ” ជំហានទី២ របស់ក្រសួងព័ត៌មាន កំពុងបន្តដំណើរយ៉ាងស្វាហាប់ ជាមួយការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ព្រមទាំងយុវសិស្សវិទ្យាល័យ អនុវិទ្យាល័យតាមបណ្តាខេត្ត និងមានការគាំទ្រពីគ្រប់តួអង្គពាក់ព័ន្ធក្នុងសង្គម។
នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តម បានបន្ថែមថា៖ «ស្មារតីរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយកំពុងមានសន្ទុះឈានឡើងពាសពេញប្រទេស! នៅក្នុងជំហានទី២នេះ យុទ្ធនាការ ដែលដឹកនាំដោយក្រសួងព័ត៌មាន បាននិងកំពុងបង្កើតនូវចលនាជាតិដ៏រស់រវើកមួយ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការចុះផ្ទាល់ដើម្បីអប់រំ ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ»។
ជាមួយគ្នានេះ អ្វីដែលជាកម្លាំងចលករដ៏គួរឱ្យកត់សម្គាល់នោះគឺថាមពលរបស់យុវជន។ ប្អូនៗសិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាកម្រិតវិទ្យាល័យ និងអនុវិទ្យាល័យតាមបណ្តាខេត្ត បានដើរតួជា “ភ្នាក់ងារសុវត្ថិភាពព័ត៌មាន” យ៉ាងសកម្ម។ ពួកគេមិនត្រឹមតែរៀនសូត្រពីរបៀបផ្ទៀងផ្ទាត់ព័ត៌មានសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំយកចំណេះដឹងទាំងនេះទៅចែករំលែកបន្តដល់ក្រុមគ្រួសារ និងមិត្តភក្តិនៅក្នុងសហគមន៍របស់ខ្លួនទៀតផង។
ការចូលរួមយ៉ាងកុះករនេះស្តែងឱ្យឃើញថា កម្ពុជាកំពុងរួមគ្នាកសាងភាពស៊ាំឌីជីថល និងបរិយាកាសព័ត៌មានមួយដែល មានសុវត្ថិភាព គុណភាព និងប្រកបដោយការទទួលខុសត្រូវ៕






