កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ និងថែទាំសុខភាពដល់យុវជនកម្ពុជា
(ខេត្តជឺជាំង, ប្រទេសចិន)៖ ក្នុងរយៈពេលពីរថ្ងៃជាប់គ្នា គឺថ្ងៃទី០៧ និងទី០៨ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ុំ វុទ្ធទី ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាពិភាក្សាស្តីពីការអប់រំ និងសុខាភិបាល នៅក្នុងខេត្តជឺជាំង សាហរដ្ឋប្រជាមានិតចិន។
ក្នុងបេសកកម្មនោះ លោក អ៊ុំ វុទ្ធទី បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយស្ថាប័នអប់រំធំៗចំនួនពីររបស់ចិន រួមមាន៖
១. វិទ្យាស្ថានពហុបច្ចេកវិទ្យាជឺជាំងតុងហ្វាង Zhejiang Dongfang Polytechnic (ទីក្រុងវិនចូ)៖ ក្នុងកិច្ចប្រជុំជំរុញស្តង់ដារជំនាញថែទាំសុខភាព និងវេជ្ជសាស្ត្រ។
២. វិទ្យាស្ថានបច្ចេកវិទ្យា និងវិជ្ជាជីវៈថៃចូ Taizhou Vocational and Technical College (ទីក្រុងថៃចូ)៖ ក្នុងវេទិកាផ្លាស់ប្តូរ និងសិក្ខាសាលាសមាហរណកម្មឧស្សាហកម្ម-អប់រំ ដើម្បីបើកឱកាសឱ្យនិស្សិតកម្ពុជាសិក្សាលើជំនាញឱសថសាស្ត្រ (Pharmacy) និងថែទាំវេជ្ជសាស្ត្រ (Nursing)។
កិច្ចប្រជុំទាំងពីរនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS), តំណាងសាកលវិទ្យាល័យអន្តរជាតិ (IU), ថ្នាក់ដឹកនាំស្ថាប័នអប់រំ-ការបរទេស និងមន្ទីរពាក់ព័ន្ធរបស់ភាគីចិន ព្រមទាំងសាស្ត្រាចារ្យ និងតំណាងក្រុមហ៊ុនជាច្រើនរូប។
កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានគន្លឹះថ្មីមួយទៀតក្នុងការលើកកម្ពស់គុណភាពធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅកម្ពុជា ស្របតាមស្មារតីនៃចំណងមិត្តភាពដែកថែប និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី៕






