ក្មេងទំនើងមួយក្រុម ដែលនិយមចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈចំនួន ០៤នាក់ បង្ក្រាប និងឃាត់ខ្លួន យកមកអប់រំណែនាំ
កំពង់ស្ពឺ, ដោយអនុវត្តតាមគោលការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃ គណៈ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណី ក្មេងទំនើងចូលចិត្តបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ដែលប្រព្រឹត្តកាលពីវេលាម៉ោង ០១:១០នាទី ត្រូវនិងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ នៅត្រង់ចំណុចស្ពានចាស់ខាងត្បូងផ្សារកំពង់ស្ពឺ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ ទី០១មានឈ្មោះ នឹល គីនីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០២ឈ្មោះ ភឿន ពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៣ឈ្មោះ រិទ្ធ ពុទ្ធត្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ទី០៤ឈ្មោះ សំណាង វណ្ណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ។ និងវត្ថុតាងចាប់យករួមមាន ម៉ូតូ ចំនួន០៣គ្រឿង (ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៣ ផ្លាកលេខ កំពង់ស្ពឺ 1X-0834 , NEX ពណ៌ក្រហម ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1KY-1321 , NEX ពណ៌ខៀវ ឆ្នាំ២០២០ ផ្លាកលេខ ភ្នំពេញ 1IG-7937) , ទូរស័ព្ទ ចំនួន0៣គ្រឿង (ម៉ាក IPHONE), ប្រាក់រៀល ចំនួន៣៩០ ០០០រៀល
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ឪពុក ម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់ជាហេតុ ដល់ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សណ្តាបធ្នាប់សាធារណៈ និងឈានទៅដល់បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ ជាពិសេបង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូត្រូវបានកម្លាំងជំនាញដកហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ៕






