គួច សុកុម្ភៈ បង្ហាញគោលបំណងធំ ២ ក្រោយចូលរួមជាមួយ ​ISI​ តែ​មិន​ប្រាកដ​ជាទី​បញ្ចប់​នៃអាជីពរបស់ខ្លួន

ខ្សែបម្រើចាស់វស្សា គួច សុកុម្ភៈ បានបង្ហាញពីគោលបំណងធំៗ ២ បន្ទាប់ពីផ្ទេរ​មក​ចូល​រួមជាមួយក្លិប ISI ដង្កោសែនជ័យ ក្រោមលក្ខខណ្ឌខ្ចីជើងពីក្លិបណាហ្គាវើលដ៏ ក្នុងរដូវកាលឆ្នាំ២០២៦/២៧ ទី១-លោកចង់ចែករំលែកបទពិសោធន៍ជាង ២០ឆ្នាំក្នុងអាជីពដល់សិស្សប្អូន ពិសេសយុវជនក្រុមដំរីជ័យ និងទី២-ការប្ដេជ្ញាជួយក្រុមស្វែងរកលទ្ធផលល្អ។
កីឡាករវ័យក្បែរ ៤០ឆ្នាំរូបនេះ បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសមាជិកថ្មីរបស់ក្រុម ISI កាលពីថ្មីៗថា ដោយសារខ្លួនមានវ័យកាន់តែច្រើន អាជីពបាល់ទាត់ក៏កាន់តែខ្លី ដូច្នេះឱកាសបង្ហាញខ្លួន គឺជារឿងសំខាន់មួយ ហើយលោកពិតជារីករាយក្នុងការចែករំលែកអ្វីដែលខ្លួនមានទាំងអស់ដល់ក្រុម។ លើសពីនេះ សុកុម្ភៈ ក៏បានបង្ហើបទៀតថា SI ក៏មិនប្រាកដជាទីកន្លែងបញ្ចប់អាជីពរបស់ខ្លួនដែរ។
គួរដឹងថា គួច សុកុម្ភៈ គឺជាកីឡាករមានបទពិសោធន៍មួយ ក្នុងចំណោមកីឡាករមានសក្ដានុពលផ្សេងៗទៀត ដែលក្លិប ISI ដង្កោសែនជ័យ ទើបបានចុះកិច្ចសន្យា និងត្រៀមនាំចូលបន្ថែមទៀត ដើម្បីពង្រឹងក្រុមឲ្យបានកាន់តែខ្លាំង សម្រាប់ត្រៀមការប្រកួតប្រជែង នារដូវកាលថ្មីខាងមុខ៕

You might also like