គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តបញ្ចូលរបៀបវារៈបោះឆ្នោតបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល និងច្បាប់ពាក់ព័ន្ធនឹងកិច្ចការអាស៊ានចំនួន៤ ទៅក្នុងសម័យប្រជុំពេញអង្គនៅពេលខាងមុខ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ឆន្ទអនុម័តបញ្ចូលសេចក្តីស្នើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ១ រូប ព្រមទាំងសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ទៀត ទៅក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ខាងមុខនេះ។
ការសម្រេចនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំ របៀបវារៈគន្លឹះដែលត្រូវបានអនុម័តយល់ព្រមបញ្ចូលទៅក្នុងសម័យប្រជុំពេញអង្គរួមមាន៖
សំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ០១ រូប។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ «កិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក » ក្នុងក្របខ័ណ្ឌអាស៊ាន លើ ៣ វិស័យយុទ្ធសាស្ត្រ រួមមាន ក្របខ័ណ្ឌទូទៅអាស៊ាន សម្ភារៈអគារនិងសំណង់ និងប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ នៅវេលាម៉ោង :០០ នាទីព្រឹក ដើម្បីបើកការពិភាក្សា និងបោះឆ្នោតអនុម័តជាផ្លូវការលើរាល់របៀបវារៈយុទ្ធសាស្ត្រសំខាន់ៗខាងលើនេះផងដែរ៕

You might also like