ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងប្រមូលផ្ដុំត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា
(សៀមរាប)៖ នៅថ្ងៃទី10 ខែកក្កដា ឆ្នាំ២០២៦នេះ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំរបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងគោលបំណងត្រៀមកម្លាំង ឲ្យមានភាពរួចរាល់ក្នុងការឆ្លើយតបចំពោះគ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមានជាយថាហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងនគរបាលប្រមូលផ្តុំ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានធ្វើការត្រួតពិនិត្យកម្លាំង សម្ភារៈ និងមធ្យោបាយប្រតិបត្តិការពាក់ព័ន្ធ ព្រមទាំងណែនាំដល់កងកម្លាំងទាំងអស់ឲ្យត្រៀមខ្លួនជានិច្ច ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ រក្សាវិន័យ និងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍បានទាន់ពេលវេលា ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
សកម្មភាពនេះបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងការបំពេញភារកិច្ចបម្រើ និងការពារប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ស្ថានការណ៍គ្រោះអាសន្ន និងគ្រោះមហន្តរាយដែលអាចកើតមាន៕






