យុវជនញៀនថ្នាំម្នាក់ លួចយកម៉ូតូមិត្តភក្ដិជិះគេចខ្លួន ត្រូវម្ចាស់ប្រទះឃើញប្ដឹងសមត្ថកិច្ចឲ្យក្របួចជាប់

ខេត្តកណ្ដាល៖ យុវជនជាមុខសញ្ញាញៀនថ្នាំម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីជនរង គ្រោះបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូរបស់ខ្លួនដែលបានលួចយកទៅកាលពី ៤ថ្ងៃ មុន។ ប្រតិបត្តិការឃាត់ខ្លួននេះ បានធ្វើឡើងកាលពី ថ្ងៃទី៩ កក្កដា ២០២៦ នៅចំណុចម៉ាតតេលាអង្គស្នួល ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពលួចកាលពីម៉ោង ៧ និង១០នាទី ព្រឹក ថ្ងៃទី៥ កក្កដា ឆ្នាំ ២០២៦ នៅបន្ទប់ជួល ស្ថិតក្នុងភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនមានឈ្មោះ ម៉ៅ តារា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួលក្នុងភូមិឃុំកើត ហេតុខាងលើ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះមានឈ្មោះ ខន សៅភស្ស ភេទ ប្រុស អាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់ នៅភូមិចុងបង្គោល ឃុំបែកចាន។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និងដកហូតម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ប្រគល់ជូនជនរងគ្រោះវិញ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ កាលពីព្រឹក ថ្ងៃទី៥ កក្កដា ជនរងគ្រោះបានជិះម៉ូតូមកបន្ទប់ជួលរបស់ជនសង្ស័យដើម្បីសួរនាំរកការងារសំណង់ធ្វើ។ ពេលមកដល់ ជនរងគ្រោះបានទុកម៉ូតូនៅមុខបន្ទប់ រួចដកកូនសោដើរចូលទៅក្នុងបន្ទប់ ដោយដាក់កូនសោនៅលើការ៉ូ ហើយយកទូរស័ព្ទទៅសាកថ្ម។ ឆ្លៀតឱកាសនោះ ជនសង្ស័យបានលួចយកកូនសោម៉ូតូ រួចយកកំប៉ុងហ្គាសដើរទៅបញ្ឆេះជិះម៉ូតូរបស់ជនរងគ្រោះចេញ ទៅបាត់។ ជនរងគ្រោះបានអង្គុយរង់ចាំយូរមិនឃើញត្រឡប់មកវិញ ទើបដឹងថាចាញ់បោកជនសង្ស័យ ក៏បានខ្ចីម៉ូតូគេជិះដើរស្វែងរក និងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន។
លោកអធិការបញ្ជាក់ថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ លុះមកដល់ម៉ោង ១៩ និង៣០នាទី ថ្ងៃទី ៩ កក្កដា ២០២៦ ជនរងគ្រោះបានប្រទះឃើញជនសង្ស័យ និងម៉ូតូរបស់ខ្លួននៅចំណុចម៉ាតតេលាអង្គស្នួល ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពើកឲ្យចុះទៅឃាត់ខ្លួនបានភ្លាមៗតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន ដោយបានដោះកុងទ័រ និងបំពង់ផ្សែងម៉ូតូយកទៅបញ្ចាំបានប្រាក់ចំនួន ១០ម៉ឺនរៀល ហើយខ្លួនក៏ជាអ្នកញៀនថ្នាំដែលបានប្រើប្រាស់ប្រហែល ៤ឆ្នាំ មកហើយផងដែរ។ ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

You might also like