អាស៊ាន-ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យ STI

សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ បានបិទបញ្ចប់ដោយជោគជ័យ នៅរាជធានីភ្នំពេញ ដោយបង្ហាញការប្តេជ្ញា ចិត្តរួមរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងពិធីបិទសន្និសីទ អ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា លើកទី២ នៅល្ងាចថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០២៦ នេះថា ស្ត្រីគឺជាគ្រូដំបូង និងជាអ្នកណែនាំដ៏មាន ឥទ្ធិពលបំផុតសម្រាប់កូនៗ, ដូច្នេះការផ្តល់ភាពអង់អាចដល់ស្ត្រី នឹងនាំមកនូវអត្ថប្រយោជន៍យូរអង្វែងសម្រាប់ក្រុមគ្រួសារ និងសង្គម ជាតិ។ នៅពេលដែលសង្គមទទួលបានសក្តានុពលរបស់ស្ត្រីក្នុងវិស័យ STEM និងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមិន ត្រឹមតែពង្រឹងបុគ្គលប៉ុណ្ណោះទេ គឺយើងកំពុងផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈមធំៗ ដែលមនុស្សជាតិកំពុងជួបប្រទះ។
ជាក់ស្តែងសន្និសីទរយៈពេល៣ថ្ងៃនេះ មានវគ្គពិភាក្សាតាមប្រធានបទចំនួន ១០ និងវគ្គបង្ហាញគំនិតនវានុវត្តន៍ ដែលអ្នក វិទ្យាសាស្ត្រស្ត្រីចំនួន ៥៥ រូប បានប្រកួតប្រជែងដោយបង្ហាញដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងវិស័យសន្តិសុខស្បៀង ថាមពល ប្រកបដោយចីរភាព ការអប់រំប្រកបដោយសមធម៌ និងបច្ចេកវិទ្យាកំពុងរីកចម្រើន។ អ្នកវិទ្យាសាស្ត្រស្រ្តីអាស៊ាន និងឥណ្ឌា ទាំងនេះ ក៏បានធ្វើទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្វែងរកឱកាសពង្រឹង កិច្ចសហប្រតិបត្តិការផ្នែកស្រាវជ្រាវ និងភាពជាដៃគូរវាងស្ថាប័នផងដែរ។
ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ ចំពោះការរៀប ចំសន្និសីទនេះ ដោយបានឆ្លុះបញ្ចាំងពីការរីកចម្រើននៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។ ឯកឧត្តម បន្ថែមថា សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រីអាស៊ាន-ឥណ្ឌា គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលបង្ហាញពីការពង្រីកទាំងវិសាលភាព និង ជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងឥណ្ឌា ហើយឥណ្ឌាក៏ត្រៀមលក្ខណៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ- ការបន្ត លើការកសាងសមត្ថភាព នវានុវត្តន៍ និងកម្មវិធីផ្លាស់ប្តូរនិស្សិត និងអ្នកស្រាវជ្រាវផងដែរ។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានលើកឡើងថា សន្និសីទនេះពង្រឹងទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត ជីវបច្ចេកវិទ្យា និងការ អភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្តម បន្ថែមថា នេះមិនត្រឹមតែជាវេទិកាសម្រាប់កិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតការផ្លាស់ប្តូរ និង កិច្ចសហប្រតិបត្តិការ កាន់តែទូលំទូលាយ រវាងអ្នកស្រាវជ្រាវនវានុវត្តន៍ករ សហគ្រិន និងយុវជន ព្រមទាំងបើកឱកាសថ្មីៗសម្រាប់ កំណើនប្រកបដោយ បរិយាបន្ន ចីរភាព និងវិបុលភាពរួមសម្រាប់ទាំងអាស៊ាននិងឥណ្ឌា។
អង្គសន្និសីទនេះ បានបិទបញ្ចប់ជាមួយការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រក្នុងតំបន់ ពង្រឹងបណ្តាញ វិជ្ជាជីវៈ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់ស្ត្រី និងក្មេងស្រី ក្នុងការក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៅទូទាំងតំបន់៕

You might also like