អបអរសាទរ អង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់ពិភពលោក២០២៦ ក្រោយឈ្នះន័រវែស

តោកំណាចអង់គ្លេស បានយកឈ្នះន័រវែស ២ទល់នឹង១ក្នុងម៉ោងបន្ថែមដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពិភពលោក២០២៦ ព្រឹកថ្ងៃអាទិត្យនេះ នៅពហុកីឡដ្នាន Miami សហរដ្ឋអាមេរិក។
ជំនួបនេះ ដំណើរការបាន៣៦នាទី ន័រវែសផ្ដើមនាំមុខមុនពេលដែលកីឡាករ Andreas Schjelderup ទាត់បញ្ចូលទីបានសម្រេចពីការបញ្ជួនបាល់របស់កីឡាករ Martin Ødegaard។
តែមុនចប់វគ្គទី១នាទីទី៤៥+២ កីឡាករ Jude Bellingham ទាត់បញ្ចូលទីឱ្យតោកំណាចអង់គ្លេសតាមស្មើ ១ទល់នឹង១ ពីការបញ្ជួនបាល់របស់កីឡាករ Anthony Gordon។
ក្នុងវគ្គទី២ នៅនាទីទី ៥៦ ន័រវែសស្ទើរតែរកគ្រាប់បាល់បានមួយគ្រាប់ទៀតទៅហើយ ប៉ុន្តែត្រូវបានដកវិញបន្ទាប់ពីពិនិត្យបច្ចេកវិទ្យា VAR ដោយសារ កីឡាករ Erling Haaland បង្កកំហុសរុញច្រានកីឡាករអង់គ្លេស។
ពេលវេលានៅសេសសល់ពិសេសជាង១០នាទីមុនចប់ការប្រកួតជម្រើសជាតិន័រវែសបានដាក់សម្ពាធ និងលេងនៅមុខទីអង់គ្លេស ប៉ុន្តែធ្វើមិនបានសម្រេចនោះទេ។ ចប់ការប្រកួត៩០នាទីក្រុមទាំងពីរស្មើគ្នា ១ទល់នឹង១។
ដើម្បីសម្រេចអ្នកឈ្នះម៉ោងបន្ថែម១៥នាទីពីរដងត្រូវបានប្រើ។ ក្នុងវគ្គនេះ លេងមិនដល់៣នាទីស្រួលបួលផងកីឡាករ Jude Bellingham ដដែលបានទាត់បញ្ចូលទីគ្រាប់ទីពីររបស់ខ្លួន ជួយឱ្យអង់គ្លេសឡើងនាំមុខ ២-១។ ក្នុងវគ្គទី២នៃម៉ោងបន្ថែមមិនមានគ្រាប់បាល់កើតឡើងទៀតទេ។ ចប់ការប្រកួត១២០នាទី អង់គ្លេសឈ្នះន័រវែស ២ទល់នឹង១។
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អង់គ្លេស ត្រូវជួប អាហ្សង់ទី រឺស្វីស ព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា តាំងពីឈ្នះពានរង្វាន់ពិភពលោកឆ្នាំ១៩៦៦មក នេះជាលើកទីបីហើយដែលអង់គ្លេសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ទាប់ពីលើកទី១នៅឆ្នាំ១៩៩០នៅអ៊ីតាលី លើកទី២ឆ្នាំ២០១៨ នៅរុស្ស៊ី៕

You might also like