អតីតកីឡាករក្លឹប Porto Rui Pires ផ្ទេរពីក្លឹបនៅសិង្ហបុរី​មកលេង​ឱ្យជើងឯកកម្ពុជា​ព្រះខ័នរាជស្វាយរៀង

ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថ្ងៃទី១១ ខែកក្កដា បានបង្ហាញសមាជិកថ្មីរបស់ខ្លួនគឺកីឡាករ Rui Miguel Guerra Pires រឺហៅខ្លីថា Rui Pires ដើម្បីពង្រឹងក្លឹបត្រៀមរដូវកាលថ្មី២០២៦-២០២៧ ត្បិតក្លឹបជើងឯកកម្ពុជាមួយនេះមានប្រកួតជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក។
ក្នុងវីដេអូកិច្ចសម្ភាសន៍ដែលក្លឹបព្រះខ័នរាជស្វាយរៀងបានផ្សព្វផ្សាយ កីឡាករ Rui Pires បានលើកឡើងថា ព្រះខ័នរាជស្វាយរៀងជាក្លឹបធំជាងគេនៅកម្ពុជា ហើយខ្លួនមកទីនេះដើម្បីជួយក្លឹបលេងការប្រកួត AFC Champion League Two ពានក្លឹបអាស៊ីអាគ្នេយ៍ និងការប្រកួតផ្សេងៗទៀតដូចជាលីគកំពូលកម្ពុជាជាដើម។ អ្វីដែលគេចាប់អារម្មណ៍ពេលមកដល់កម្ពុជាដំបូងគឺកត់សម្គាល់ឃើញប្រជាជននៅទីនេះរួសរាយ រាក់ទាក់ណាស់។
ដោយសារនៅក្លឹបព្រះខ័នរាជមានកីឡាករសញ្ជាតិព័រទុយហ្កាល់ដែរនោះ Rui Pires បានលើកឡើងទៀតថា មិត្តរួមជាតិរបស់គេ Thiago បានពន្យល់អ្វីៗគ្រប់យ៉ាងពីក្លឹប ពីប្រទេសកម្ពុជា ហើយវត្តមានរបស់Thiagoនៅទីនេះ នឹងធ្វើឱ្យខ្លួនគេងាយសម្របខ្លួនជាមួយអ្នកគ្រប់គ្នានៅក្នុងក្លឹប។
ទាក់ទងនឹងអ្នកគាំទ្រ កីឡាកររូបនេះចង់បង្ហាញអ្វីៗទាំងអស់នៅលើទីលាន ហើយនឹងព្យាយាមផ្តល់ជួនពូកគាត់ឱ្យអស់ពីសមត្ថភាព ហើយសុំឱ្យអ្នកគំាទ្រមកគាំទ្រក្លឹបរៀងរាល់សប្ដាហ៍ដូច្នោះយើងអាចឈ្នះការប្រកួតធំៗបំផុតដែលអាចធ្វើទៅបាន។
សូមរំលឹកថា Rui Pires បានចាប់ផ្តើមបោះជំហានដំបូងក្នុងវិស័យបាល់ទាត់នៅសាលាបណ្តុះបណ្តាលយុវជនលំដាប់ពិភពលោករបស់ក្លឹប FC Porto នៅក្នុងឆ្នាំ២០០៩។ ហើយបានអភិវឌ្ឍសមត្ថភាពខ្លួនយ៉ាងលឿន ដោយបានលេងឱ្យក្រុមយុវជនស្ទើរគ្រប់កម្រិតអាយុ ដូចជា (យុវជនអាយុក្រោមU15, U17, U19) និងត្រូវបានដំឡើងទៅលេងឱ្យក្រុមបម្រុង FC Porto B នៅក្នុងក្របខណ្ឌលីគលំដាប់ទី២ របស់ព័រទុយហ្គាល់ (LigaPro) នាឆ្នាំ២០១៦។ កីឡាកររូបនេះក៏ជាសមាជិកដ៏សំខាន់របស់ក្រុមជម្រើសជាតិយុវជនព័រទុយហ្គាល់ (U18, U19, U20) ដោយធ្លាប់ជួយក្រុមឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រជើងឯកយុវជនអាយុក្រោម១៩ឆ្នាំថែមទៀតផង។
នៅឆ្នាំ២០១៩ Rui Pires បានសម្រេចចិត្តចាកចេញពីទឹកដីកំណើតផ្ទេរទៅកាន់ក្លឹប Troyes AC នៅក្នុងលីគលំដាប់ទី២ របស់ប្រទេសបារាំង (Ligue 2)។ រដូវកាល ២០២០/២០២១ គេបានរួមចំណែកជួយឱ្យក្លឹប Troyes ឈ្នះជើងឯកលីគទី២ (Ligue 2) និងទទួលបានកៅអីឡើងទៅលេងនៅលីគកំពូលបារាំង (Ligue 1)។ ក្រោយមកត្រូវបានក្លឹបព័រទុយហ្គាល់ Paços de Ferreira ខ្ចីជើងទៅលេងនៅក្នុងលីគកំពូលព័រទុយហ្គាល់ (Primeira Liga)ក្នុងរដូវកាល២០២១-២០២៣ មុនផ្លាស់មកកាន់ តំបន់អាស៊ីរួមរស់ជាមួយក្លឹប Lion City Sailors របស់ក្លឹបសិង្ហបុរី ក្នុងឆ្នាំ ២០២៣–២០២៦)។
ការផ្ទេរមកកាន់ក្លឹបព្រះខ័នរាជស្វាយរៀងនាពេលនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យតំបន់ខ្សែបម្រើរបស់ក្រុមជើងឯកកម្ពុជាកាន់តែរឹងមាំ និងមានឥទ្ធិពលខ្លាំងក្នុងការប្រកួតពានរង្វាន់ AFC ក៏ដូចជាពានរង្វាន់តំបន់អាស៊ីអាគ្នេយ៍ ផងដែរ៕

You might also like