គណៈចលនាមហាជន រៀបចំបាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា”

នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ គណៈចលនាមហាជន នៃគណបក្សប្រជាជនកម្ពុជា បាន​រៀប​ចំ​បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» នៅវិមាន ៧ មករា ក្រោម​វត្ត​មាន​ដ៏​ខ្ពង់​ខ្ពស់​របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អញ្ជើញ​ធ្វើ​បាឋក​ថា​ក្រោមប្រធានបទ «ដំណើរតស៊ូដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា»។
ជាកិច្ចចាប់ផ្ដើមកម្មវិធី ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និង​ជា​អគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបាន​ផ្ដល់​កិត្តិយស​អញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាដ៏មានអត្ថន័យនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា បាឋកថាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ត្រូវ​បាន​រៀប​ចំ​ឡើងក្នុងគោលបំណងបង្កើតវេទិកាជូនថ្នាក់ដឹកនាំជំនាន់មុន ដែលជាសាក្សី​រស់​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា ចែករំលែកបទពិសោធន៍ផ្ទាល់អំពីដំណើរតស៊ូរំដោះជាតិ ការបង្រួបបង្រួមជាតិ និង​ការ​កសាងសុខសន្តិភាព។ ទន្ទឹមនឹងនេះ វេទិកានេះក៏មាន​គោល​បំណង​លើក​កម្ពស់​ស្មារតី​យុវជន​ឱ្យ​យល់​ដឹង​ពី​តម្លៃនៃការលះបង់ វីរភាព និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំង​បណ្ដុះ​ស្មារ​តី​ដឹង​គុណ ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តបម្រើជាតិមាតុភូមិ។ ជាមួយគ្នានេះ បាឋកថា​ស៊េរី​នេះ​ក៏​ដើរ​តួនាទីជាស្ពានផ្សារភ្ជាប់អន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងជំនាន់ក្រោយ ដើម្បី​ពង្រឹងស្មារតីឯកភាព សាមគ្គីភាព និងការបន្តវេនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍជាតិ។
ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បទពិសោធន៍ និងការចែករំលែករបស់ សម្ដេច​កិត្តិ​សង្គ​ហ​បណ្ឌិត ម៉ែន សំអន គឺជាមេរៀនដ៏មានតម្លៃសម្រាប់ថ្នាក់ដឹកនាំ និងយុវជនជំនាន់ក្រោយ ក្នុង​ការ​សិក្សា ស្វែងយល់ និងយកជាគំរូសម្រាប់ការដឹកនាំ ការគ្រប់គ្រង និងការបម្រើប្រជាជន។ ឯកឧត្តមបានបន្ថែមថា“សម្តេចកិត្តិសង្គហបណ្ឌិត មិនត្រឹមតែជានិមិត្តរូបនៃភាពឆ្នើម និង​សមត្ថ​ភាព​របស់​ស្ត្រីខ្មែរប៉ុណ្ណោះទេ ប៉ុន្តែគឺជាសាក្សីរស់នៃប្រវត្តិសាស្ត្រពិត ។ ក្នុងនាមជា​សាក្សី​រស់​នៃ​ដំណាក់​កាលប្រ​វត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជា សម្ដេចបានចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វ​ហេតុ​រំដោះ​ជា​តិ និងរួមចំណែកក្នុងការកសាង ស្ថិរភាព សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ រហូត​ទទួល​បាន​វឌ្ឍនភាពដូចសព្វថ្ងៃ។
ក្នុងនាមជាយុវជនជំនាន់ក្រោយ ឯកឧត្តមសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ​គំរូ​វីរ​ភាព​ ការលះបង់ ការខិតខំប្រឹងប្រែងរបស់អ្នកដឹកនាំជំនាន់មុន ដែលបាន​តស៊ូ​ឥត​ស្រាក​ស្រាន្ត​ក្នុង​ការ​បំពេញបេសកកម្មដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តមបានបន្ថែមថា ការគោរពវិន័យ ការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំ និងស្មារតីទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតរបស់ពួកគាត់ គឺ​ជា​មូល​ដ្ឋានគ្រឹះដ៏សំខាន់ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ​ប្រទេស​ជាតិ​ដូច​សព្វ​ថ្ងៃ​។ បើគ្មានការលះបង់របស់អ្នកជំនាន់មុន ក៏គ្មានយើងនៅក្នុងពេលបច្ចុប្បន្ន និងតទៅ​អនាគត​៕

You might also like