ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត៖ យុវជនគណបក្សប្រជាជនកម្ពុជា សូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ដែលបានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា ប្រកាន់យក «ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី» ជាគោលនយោបាយរបស់គណបក្ស សម្រាប់ការឃោសនាបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញជាអធិបតី ក្នុងវេទិកា «ពិភាក្សាជាមួយយុវជនគណបក្សរាជធានីភ្នំពេញ» ដោយមានការចូលរួមពី ឯកឧត្តម ហួត ហៃ អនុប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ, ថ្នាក់ដឹកនាំ និងសមាជិក នៃយ.គ.ក. និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ព្រមទាំងសមាជិកយុវជនគណបក្សសរុបប្រមាណ ៦០៣ រូប ដែលជាគោលដៅទី២៣ នៃការរៀបចំវេទិកាពិភាក្សាជាមួយយុវជនរាជធានី-ខេត្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យ ពីសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនដល់អង្គពិធីទាំងមូល។
បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតប្រធាន បានគូសបញ្ជាក់ជូនអង្គពិធីពីវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីកម្ពុជាពីការឈ្លានពានដោយខុសច្បាប់របស់ប្រទេសថៃ និងបានរំលឹកពីប្រវត្តិសាស្រ្តនៃជម្លោះទឹកដីនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានលើកទឹកចិត្តដល់អង្គវេទិកាលើកនូវអារម្មណ៍ពិត តាមរយៈការឡើងមានជាមតិយោបល់ ក្តីកង្វល់និងចម្ងល់ ព្រមទាំងសំណូមពរនានា ដើម្បីគណៈអធិបតីធ្វើការឆ្លើយតប សម្រាប់ជាពុទ្ធិបន្ថែមដល់យុវជនគណបក្ស បន្តផ្សព្វផ្សាយនៅក្នុងមូលដ្ឋានរៀងៗខ្លួន ឱ្យស័ក្តិសមជាវាគ្មិនដ៏មានសក្កានុពលរបស់គណបក្ស ដែលជាបក្សកាន់អំណាច សំដៅបន្តដណ្តើមនូវជំនឿទុកចិត្ត និងជ័យជម្នះជូនគណបក្សសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ។
ខ្លឹមសារ នៃអង្គវេទិកាបានពិភាក្សាជាអាទិ៍រួមមាន៖ ជម្លោះព្រំដែននិងដំណោះស្រាយចំពោះការឈ្លានពានរបស់ថៃ, ផលប៉ះពាល់នៃការកំណត់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក, ច្បាប់កាតព្វកិច្ចយោធា, យន្តការនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ, គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថភាព, ការទប់ស្កាត់នូវព័ត៌មានក្លែងក្លាយ និងការទប់ស្កាត់ការនាំចូលនូវទំនិញហាមឃាត់, និងការចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាននៅលើបណ្តាញសង្គម ។ល។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតប្រធាន បានផ្តល់នូវអនុសាសន៍មួយចំនួន សំដៅត្រៀមលក្ខណៈសម្បត្តិក្នុងការចូលរួមជួយដល់គណបក្សដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ ខាងមុខនេះ ។
មុនបញ្ចប់ ឯកឧត្តមបណ្ឌិតប្រធាន ក៏បានប្រកាសគាំទ្រនូវគោលនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ដែលក្នុងនោះគឺ យុវជនគណបក្សសូមគាំទ្រយ៉ាងមុតមាំនូវកម្មវិធីនយោបាយរបស់គណបក្ស ក្នុងការដោះស្រាយនូវជម្លោះព្រំដែនដោយសន្តិវិធី៕






