នគរបាលខេត្តមណ្ឌលគិរី ឃាត់ខ្លួនក្មេងទំនើង១២នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណៈ
ខេត្តមណ្ឌលគិរី÷អនុវត្តន៍តាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាយ៉ាងហ្ម៉ឺងម៉ាត់ពីឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្ក្រាបក្មេងទំនើងឲ្យទាល់តែបាន ចៀសវៀងភាពអសន្តិសុខ ដល់សង្គម កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ថ្ងៃសៅរ៍ទី១២ខែកក្កដា ឆ្នាំ ២០២៦បង្ក្រាបបានក្មេងទំនើង ចំនួន ១២នាក់មាន ៖
ទី១-ឈ្មោះ ហួន ហុងកា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស,ទី២-ឈ្មោះ ទី ពិទូ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស,ទី៣-ឈ្មោះ អុល តុងហេង ភេទ ប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស,ទី៤-ឈ្មោះ ហួន ហុងគី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ,ទី៥- ឈ្មោះ សាលី អាល់រ៉ាហ្វាត ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស,ទី៦-ឈ្មោះ ស្រ៊ុន ផាឡែន ភេទប្រុស អាយុ ១៥ ឆ្នាំ មុខរបរសិស្ស ,ទី៧-ឈ្មោះ ហាន វីឡែន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ,ទី៨-ឈ្មោះ អាត យ៉នុត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករចៀរជ័រ , ទី៩- ឈ្មោះ ស សុផាន់ណា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខ របរកម្មករចៀរជ័រ,ទី១០-ឈ្មោះ ង៉ុន មីនា ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរកម្មរកចៀរជ័រ ,ទី១១-ឈ្មោះ អ៊ុក ណុច ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរកម្មករចៀរជ័រ និងទី១២-ឈ្មោះ ឌី ទី ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករចៀរជ័រ ។
លទ្ធផលតេស្ដរកសារធាតុញៀនក្នុងទឹកម៉ូតលើក្រុមក្មេងទាំង១២ គឺអវិជ្ជមាន(-) ដោយមានបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងដោយមានការសម្របសម្រួលពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។
មន្ត្រីនគរបាលនៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១២រោច ខែបឋមាសាឍ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង៥០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា សហការជាមួយកម្លាំងគោល ដៅស្នាក់ការចរាចរណ៍ ៥៩ បានឃាត់ក្មេង១ក្រុមមានគ្នា ចំនួន ១២នាក់ ជិះម៉ូតូចំនួន ៦គ្រឿង ដែលម៉ូតូ១គ្រឿងបានធ្វើសកម្មភាពបង្ហោះម៉ូតូ បង្កការរំខានដល់សណ្ដាប់ ធ្នាប់សាធារណៈនៅចំណុច រូបសំណាក់លោកតាក្រហមក តាមបណ្ដោយផ្លូវជាតិលេខ ៧៦Aស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌលគិរី ។ កម្លាំងសមត្ថកិច្ចបានធ្វើការស្ទាក់ឃាត់ចំនួន ១២នាក់ ដែលមានឈ្មោះខាងលើ និងបានបញ្ជូនមកប៉ុស្តិ៍នគរបាលស្រែខ្ទុមដើម្បីសួរនាំ។
បច្ចុប្បន្នក្រុមក្មេងទាំង ១២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម នាំមកប៉ុស្តិ៍ដើម្បីធ្វើការអប់រំណែនាំ និងបានអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត។
ដោយឡែកម៉ូតូនចំនួន ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២៦ គ្មានស្លាកលេខ ( ម៉ូតូប្រព្រឹត្តបទល្មើសបង្ហោះម៉ូតូ ) ត្រូវបានកម្លាំងជំនាញធ្វើកំណត់ ហេតុដកហូតរក្សាទុកបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម។ ចំណែកម៉ូតូចំនួន ៥គ្រឿងទៀតដែលរួមដំណើរជាមួយត្រូវបានកម្លាំងជំនាញប្រគល់ទទួលជូនទៅម្ចាស់វិញ ៕






