ថៃ៖ ឆេះផាប់មួយក្នុងទីក្រុងបាងកក ផ្ដាច់ជីវិតមនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់
(បាងកក)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសថៃ បានឱ្យដឹងថាអគ្គិភ័យបានឆាបឆេះផាប់ដ៏ល្បីមួយកន្លែងក្នុងទីក្រុងបាងកក ដោយបានសម្លាប់មនុស្ស ២៧នាក់ និង២២នាក់រងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោកនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដែលបានចុះត្រួតពិនិត្យដោយផ្ទាល់ដល់កន្លែងកើតហេតុដែលអគ្គិភ័យបានឆាបឆេះនៅម៉ោង ១១៖៥៧នាទីយប់ កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២៦ ក៏បានបញ្ជាក់ដែរថាមនុស្ស ២៧នាក់បានស្លាប់ និងជាច្រើននាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ដោយផ្អែកលើការរៀបរាប់ពីអ្នកនៅរស់រានមានជីវិត លោកបានបន្ថែមថាផាប់ខាងលើដែលមានទីតាំងសិ្ថតក្នុងស្រុក Chatuchak នៃទីក្រុងបាងកក មានពោរពេញដោយផ្សែងយ៉ាងលឿនរហ័ស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះដោយបង្ខំមនុស្សម្នានាំគ្នាសម្រុករត់ចេញតាមផ្លូវក្រោយនៅក្បែរបន្ទប់ទឹក។ ប៉ុន្តែមិនមានច្រកចេញសម្រាប់រត់គេចខ្លួនពេលមានអគ្គិភ័យនោះទេ។
លោក Suriyachai Rawiwan ជាប្រធាននាយកដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយនៃទីក្រុងបាងកក បានប្រាប់ Reuters ថាមានមនុស្ស ៦៣នាក់បានរងរបួស ក្នុងនោះមាន ២២នាក់រងរបួសធ្ងន់ធ្ងរ។ ចំណែកមូលហេតុបណ្ដាលឱ្យមានអគ្គិភ័យខាងលើកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស៕






