ក្រុមជម្រើសជាតិនារីម្ពុជា ចាប់ផ្ដើមយុទ្ធនាការប្រជែងពាន ASEAN Women’s Cup នារសៀលនេះ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួតពានរង្វាន់បាល់ទាត់នារីតំបន់អាស៊ីអាគ្នេយ៍ ASEAN Women’s Cup 2026 ជាមួយជំនួបដំបូង ដោយត្រូវជួបក្រុមជម្រើសជាតិនារីទីម័រខាងកើត ក្នុងពូល B នាវេលាម៉ោង ៣៖៤៥នាទីរសៀល (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៣ ខែកក្កដានេះនៅកីឡដ្ឋានគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
នេះគឺជាការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ក្នុងវគ្គចែកពូល ដែលមានបេក្ខភាព ៣ក្រុម តែការប្រកួតទី២ របស់ក្រុមជម្រើសជាតិនារីទីម័រខាងកើត បន្ទាប់ពីប្រកួតដំបូងចាញ់ក្រុមជម្រើសជាតិនារីឥណ្ឌូនេស៊ី ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ ដូច្នេះផ្អែកលើរូបមន្ដប្រកួត ប្រសិនបើអាចយកឈ្នះទីម័រខាងកើត ថ្ងៃនេះ ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិ មុនជំនួបបញ្ចប់ពូលB ទល់ឥណ្ឌូនេស៊ី នាថ្ងៃទី១៦ ខែកក្កដាខាងមុខ។
ជុំវិញបេសកកម្មនេះដែរ លោក Yasuhiro Yoshida គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំលើកូនក្រុម មុនចាប់ផ្ដើមការប្រកួត ដោយលោកបានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃអាទិត្យថា «យើងមានក្រុមមួយដែលល្អ ជាពិសេសកាលពីប្រកួតកន្លងទៅរបស់យើង ក្រុមទាំងមូល ពិតជាធ្វើបានល្អ ហើយយើងចង់ឲ្យក្រុមធ្វើបានកាន់តែល្អជាងមុនទៀត សម្រាប់ការប្រកួតទាំងអស់នៅទីនេះ»។
គ្រូបង្វឹកជនជាតិជប៉ុនដដែលបន្ថែមទៀតថា «យើងបានរក្សានូវកីឡាករល្អៗរបស់យើង ជាពិសេសពួកគេមានបទពិសោធន៍រួចហើយ កាលពី២ឆ្នាំមុន ដែលយើងទទួលបានជើងឯករងនៅក្នុងព្រឹត្ដិការណ៍នេះ។ ពួកយើងនឹងខំប្រឹងប្រែងធ្វើឲ្យបានល្អបំផុត និងខំប្រឹងប្រែងគ្រប់ការប្រកួតទាំងអស់ ដើម្បីយកជ័យជម្នះជូនប្រទេសរបស់យើង»។
សូមបញ្ជាក់ថា ពានរង្វាន់កម្រិតទី២ ក្នុងតំបន់នេះ មាន ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះពូលA មានម្ចាស់ផ្ទះម៉ាឡេស៊ី ឡាវ និងសិង្ហបុរី ខណៈពូលB មានកម្ពុជា ឥណ្ឌូនេស៊ី និងទីម័រខាងកើត។ សម្រាប់ក្រុមឈរលេខ១ និងលេខ២ ក្រោយបញ្ចប់ការប្រកួតក្នុងពូល នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនាថ្ងៃទី២២ ខែកក្កដាខាងមុខ។ ចំពោះក្រុមឈរលេខ១ ដល់លេខ៣ នឹងទទួលបានកៅអីលេងពានកម្រិតទី១ ASEAN Women’s Championship នាឆ្នាំក្រោយ៕

You might also like