អ្នករៀបចំប្រណាំងម៉ូតូត្រៃ ៖ រំពឹងថាយ៉ាងយូរ ៥ឆ្នាំទៀតប៉ុណ្ណោះធនធានកីឡាករប្រណាំងកម្ពុជានឹងមានច្រើនសម្បូរបែប
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ និងកង់បីដណ្តើមជើងឯកឆ្នាំ២០២៦ ដែលបានប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ដល់១២ ខែកក្កដា នៅទីលានវាលឥន្ទ្រី ស្ថិតនៅក្នុងខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ដោយរកឃើញជើងខ្លាំងតាមវិញ្ញាសាប្រជែងនីមួយៗ។
ក្រោយបិទបញ្ចប់ដោយជោគជ័យ នៃព្រឹត្តិការណ៍ខាងលើ លោក ពេជ្រ សុខា ស្ថាបនិកអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង រំពឹងថាយ៉ាងយូរ៥ឆ្នាំទៀតប៉ុណ្ណោះធនធានកីឡាករប្រណាំងកម្ពុជានឹងមានច្រើនសម្បូរបែប ព្រោះថាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ក្រុមការងារ បានរៀបចំឲ្យមាន មាន២ទៅ៣ដង ក្នុងមួយឆ្នាំ។
នៅក្នុងឆ្នាំ២០២៦នេះ គណៈកម្មាធិការបចេ្ចកទេសបានដាក់បញ្ចូលនូវវិញ្ញាសាថ្នាលអមព្រឹត្តិការណ៍ប្រណាំងផងដែរដូច្នេះ ធនធានកីឡាករប្រណាំងកម្ពុជានឹងមានច្រើននាឆ្នាំបន្តបន្ទាប់ទៀត។
ជាមួយគ្នានោះ ក្នុងនាមអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង ក៏សូមអំពាវនាវ និងលើកទឹកឱពុកម្តាយដែលជាអាណាព្យាបាល គួរតែបញ្ចូនកូនដែលមានឧបនិស្ស័យឱ្យមកចូលរួមការប្រកួត ដើម្បីបណ្តុះក្តីស្រមៃដែលកូនចូលចិត្តវិវឌ្ឍខ្លួនជាកីឡាករជើងខ្លាំងបង្ហាញមុខមាត់នៅលើទីលានប្រណាំង នាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះជូនគ្រួសារនិងសង្គមជាតិ មួយវិញទៀតជួយឲ្យពួកគេបញ្ជៀសការប្រព្រឹត្តិអំពើរមិនល្អបំផ្លាញគ្រួសារនិងសង្គមជាតិ។
អ្នករៀបចំព្រឹត្តិការណ៍ ខាងលើ បានរំលេចថា តាមរយៈការរៀបចំជាញឹកញាប់ក្នុងឆ្នាំៗរបស់លោក មិនត្រឹមតែរួមចំណែកឱ្យវិស័យប្រណាំងនេះ រីកចម្រើនជឿនលឿនប៉ុណ្ណោះនោះទេ ពោលវាបានរួមចំណែកផលិតបានធនធានកីឡាករការិនីល្អៗថ្មីៗឆ្លើយតបទៅនិងតម្រូវការ ចេញទៅប្រកួតប្រជែងនៅក្រៅប្រទេសផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ម៉ូតូត្រៃ និងកង់បី ដណ្តើមជើងឯកឆ្នាំ២០២៦ មានការគាំទ្រយ៉ាងពេញទំហឹងពីសហព័ន្ធកីឡាយានយន្តកម្ពុជា រួមទាំងក្រុមហ៊ុនដៃគូឧបត្ថម្ភគាំទ្រ នេះជាចំណែកដ៏សំខាន់ ក្នុងការជួយរុញឱ្យវិស័យប្រភេទកីឡាយានយន្តកម្ពុជាឱ្យកាន់តែអភិវឌ្ឍល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ៕






