ប្រមុខការទូតកម្ពុជា ៖ ២០២៦នេះ កម្ពុជាមានកិត្តិយសនិងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង
ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំដ៏មានអត្ថន័យវិសេសវិសាលបំផុតសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ដោយកម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែងក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅកម្ពុជា។ ការបញ្ជាក់នេះ ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង នៅរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី២៣៦ នៃទិវាបុណ្យជាតិបារាំង នៅនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង នៅរាជធានីភ្នំពេញ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានរំលេចថា ក្នុងឆ្នាំនេះដែរ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងដ៏សំខាន់សម្រាប់សហគមន៍ហ្រ្វង់កូហ្វូនី ដែលមានសមាជិក៩០ប្រទេស ផ្សារភ្ជាប់គ្នាតាមរយៈការប្រើប្រាស់ភាសាបារាំង គុណតម្លៃរួមនៃសាមគ្គីភាព ការបើកទូលាយ កិច្ចសន្ទនា ភាពចម្រុះនៃវប្បធម៌ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
សូមជម្រាបថា ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកាន់ព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត និងប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំ កំពូលអង្គការហ្វ្រង់កូហ្វូនី (Francophonie Summit) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ នឹងប្រព្រឹត្តទៅដោយជោគជ័យ និងឆ្លុះបញ្ចាំងពីតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគី នៅក្នុងសហគមន៍ប្រើប្រាស់ភាសាបារាំង៕






