ក្រសួងបរិស្ថាន ៖ ស្ថានភាពទឹកបានស្រកចុះច្រើន ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ពី​ភូមិ​តាំង​បំព​ង់​ទៅ​ដល់​ជើង​ភ្នំខ្នងផ្សារ

បន្ទាប់ពីមានការធ្លាក់ភ្លៀងរាយប៉ាយ និងការជម្លៀស​ភ្ញៀវ​ទេសចរ​ទៅកាន់ទីតាំងមានសុវត្ថិភាព មន្រ្តី​ឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និង គណៈ​កម្មការ​សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង បានសម្របសម្រួលការធ្វើដំណើរ ដឹក​ជញ្ជូន​ឆ្លង​កាត់ពី​តំបន់ជើងភ្នំឆ្ពោះទៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោង​តាមមន្រ្តីប្រចាំការនៅមូលដ្ឋាន គិតត្រឹមម៉ោង១១ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ស្ថាន​ភាព​ទឹក​ភ្លៀងនៅតំបន់ភ្នំខ្នងផ្សារ បានថមថយ និងអាចបង្ក​លក្ខណៈ​ជូន​ដល់​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត ​ដែលជាប់គាំងនៅក្នុងរយៈពេលកន្លងមកចំនួន១គ្រឿង អាចឆ្លង​មក​កាន់​តំបន់​លំនៅ​ដ្ឋាន​នៅ​ភូមិ​តាំង​បំពង់​បាន និងអ្នកភូមិអាចធ្វើដំណើរឆ្លងកាត់ផ្លូវដោយម៉ូតូបានដោយកន្លែងផងដែរ។ សូម​បញ្ជាក់រហូតមកទល់ពេលនេះ អ្នកទេសចរណ៍ចំនួន៥៥១ នាក់​បាន​ជម្លៀស​ និង​បាន​នាំ​មក​ទី​ទួល​សុវត្ថិភាព និងបានត្រឡប់ទៅកាន់មូលដ្ឋានវិញ។ នៅមានរថយន្តចំនួន៣គ្រឿង កំពុង​ស្ថិត​នៅ​ដំណាក់​ដំរី​​ទីតាំងជើងភ្នំខ្នងផ្សារនៅឡើយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបន្តរំលឹក និងណែនាំ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​មន្ត្រី​ឧទ្យានុ​រក្ស និងមន្ត្រីជំនាញឱ្យបន្តចុះល្បាត សម្របសម្រួល និងតាម​ដាន​ស្ថាន​ភាព​ទឹក​ភ្លៀង ​យ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ដើម្បីធានាសុវត្ថិភាព ទាំង​ស្រុង​ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ៕

You might also like