World CUP៖ សម្តេចតេជោ ហ៊ុន សែន ជ្រើសយកអង់គ្លេស
(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារាត្រីនេះ គឺជាជំនួបរវាងក្រុមតោកំណាចរបស់អង់គ្លេស និងពពកសអាហ្សង់ទីន ដណ្តើមយកកៅអីឡើងទីវគ្គផ្តាច់ព្រ័ត្រ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុកថា ការប្រកួតយប់នេះ សម្តេចចាប់យកអង់គ្លេស ហើយដៃគូរបស់សម្តេចយកអាហ្សង់ទីន។
ជាមួយនឹងការប្រកាសពីការចាប់យកក្រុមអង់គ្លេស សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីការប្រកួតរវាងបារាំង និងអេស្ប៉ាញដែរ។ សម្តេចតេជោ បានបញ្ជាក់ថា បាល់ទាត់យប់មុិញរវាងបារាំងជាមួយអេស្ប៉ាញ មិនខុសគ្នាជាមួយរឿងបុរសម្នាក់ដែលលេងមាន់ជល់នោះទេ។
សម្តេចតេជោ បានដំណាលថា បុរសម្នាក់ពូកែលេងមាន់ជល់ គាត់តែងយកមាន់គាត់ទៅជល់ភ្នាល់ជាមួយមាន់អ្នកផ្សេងទៀត តែគាត់មិនដែលចាក់ខាងមាន់គាត់ទេ គាត់បែជាចាប់យក និងចាក់មាន់អ្នកផ្សេងទៀត។ ទីបំផុតគាត់ គឺជាឈ្នះព្រោះគាត់ដឹងថា មាន់ដែលគាត់ជល់ មិនឈ្នះមាន់ម្ខាងទៀតទេ។
សម្តេចតេជោបន្តថា រឿងបាល់ទាត់ពិភពលោករវាងបារាំង និងអេស្ប៉ាញយប់កន្លងទៅ មនុស្សនៅលើពិភពលោកច្រើនណាស់ ដែលគាំទ្របារាំង តែស្ងាត់ៗទៅចាក់ និងគាំទ្រអេស្ប៉ាញ ព្រោះគេពិនិត្យ
ឃើញប្រវត្តិប្រកួតរវាងបារាំង ជាមួយអេស្បាញភាគច្រើន អេស្ប៉ាញ ជាអ្នកឈ្នះ។
សម្រាប់ករណីសម្តេចវិញ គឺសម្តេចគាំទ្របារាំងពិតប្រាកដ តែដោយសារដៃគូរប្រកួតរបស់សម្តេច មានសិទ្ធិជ្រើសរើសមុន គាត់រើសយកបារាំង ដូចនេះគាត់ប្រគល់អេស្ប៉ាញ ជូនទៅសម្តេចដូចជាប្រគល់ជ័យជម្នះជូនសម្តេចដូចគ្នាដែរ។
សម្រាប់ការប្រកួតនៅយប់នេះ រវាងអង់គ្លេស និងអាហ្សង់ទីន ដៃគូរបស់សម្តេច បានរើសមុន ដោយយកអាហ្សង់ទីន និងទុកអង់គ្លេសជូនសម្តេច។ សម្តេចបានបង្ហើបថា ដៃគូសម្តេច ជាមនុស្សស្រួល ឱ្យតែសម្តេចសរសើរក្រុមណា ដៃគូសម្រេចយកក្រុមនោះទោះសម្តេចនិយាយប្រាប់ថាបាល់មូលក៏ដោយ។
សម្តេចតេជោ បានបញ្ជាក់ដែរថា មកដល់ពេលនេះ សម្តេចឈ្នះ១១ប្រកួត ដោយ៦ប្រកួតសម្តេចជាអ្នករើសមុន និង៥ប្រកួតទៀត ដៃគូសម្តេចជាអ្នករើសមុន៕






