រដ្ឋបាលខណ្ឌព្រែកព្នៅ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារគល់ស្ពានព្រែកព្នៅ និងណែនាំអាជីករដែលលក់តាមចិញ្ចឹមផ្លូវ ចូលទៅលក់ក្នុងផ្សារ

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បាននិងកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈនៅចំណុចផ្សារគល់ស្ពានព្រែកព្នៅ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ដើម្បីធានាបាននូវសោភ័ណភាព និងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ។

កិច្ចការនេះត្រូវបានធ្វើឡើងជាប្រចាំ ដោយចាប់ផ្តើមពីម៉ោង ១២យប់ រហូតដល់ម៉ោង ៧ព្រឹក ដើម្បីណែនាំអាជីវករលក់ដូរតាមដងផ្លូវ និងអ្នកចតយានយន្តដែលបង្កផលប៉ះពាល់ដល់លំហូរចរាចរណ៍។

ជាក់ស្តែង នៅវេលាទៀបភ្លឺ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៤:០០នាទី ក្រុមការងាររដ្ឋបាលខណ្ឌព្រែកព្នៅ បានចុះណែនាំអាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋ ឱ្យចូលទៅលក់ដូរនៅក្នុងផ្សារដែលបានរៀបចំកន្លែងលក់ដោយមិនគិតថ្លៃ។ ជាមួយគ្នានេះ ក៏បានណែនាំអ្នកបើកបរមិនឱ្យចតយានយន្តប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។ ជាលទ្ធផល ត្រឹមម៉ោង ៧ព្រឹក ស្ថានភាពលក់ដូរ និងការចតយានយន្តខុសច្បាប់ត្រូវបានរៀបចំឱ្យមានរបៀបរៀបរយឡើងវិញ។

បន្ថែមពីលើការងាររៀបចំសណ្តាប់ធ្នាប់ រដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយមន្ទីរសាធារណការ កំពុងអនុវត្តគម្រោងជួសជុលផ្លូវ ដាក់លូបន្ថែម និងរៀបចំផ្លូវថ្មើរជើងនៅផ្នែកខាងជើងស្ពាន ដែលតម្រូវឱ្យមានការបិទផ្លូវជាបណ្តោះអាសន្ន។

រដ្ឋបាលខណ្ឌព្រែកព្នៅ មានជំនឿយ៉ាងមុតមាំថា ក្រោយបញ្ចប់គម្រោងទាំងនេះ ស្ថានភាពនៅតំបន់ផ្សារគល់ស្ពានព្រែកព្នៅ នឹងមានភាពល្អប្រសើរជាងបច្ចុប្បន្ន ដែលរួមចំណែកដល់ការអភិវឌ្ឍន៍ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន៕

You might also like