សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំដោយប្រធានាធិបតីចិន

(សៀងហៃ, ចិន)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍នៃសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត រៀបចំឡើងដោយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងភរិយា។ ពិធីរៀបចំឡើងនៅទីក្រុងសៀងហៃ ប្រទេសចិន។
ពិធីនេះ មានការអញ្ជើញចូលរួមពីមេដឹកនាំនៃបណ្តាប្រទេសនានា ព្រមទាំងថ្នាក់ដឹកនាំអង្គការសកលជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World Artificial Intelligence Conference ឬ WAIC) គឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំ និងសំខាន់បំផុតមួយ ដែលផ្តោតលើការរីកចម្រើន បច្ចេកវិទ្យា និងនិន្នាការចុងក្រោយបំផុតនៃបញ្ញាសិប្បនិម្មិត (AI) នៅលើពិភពលោក។
ព្រឹត្តិការណ៍នេះ តែងមានការអញ្ជើញចូលរួមពីមេដឹកនាំប្រទេសនានាលើពិភពលោក អ្នក​ជំនាញ និងអ្នកវិទ្យាសាស្ត្រល្បីៗ ដើម្បី​ចែករំលែកការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងទស្សន​វិស័យ​អនាគតនៃបច្ចេកវិទ្យា AI។ បន្ថែមពីលើនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សជាច្រើន ក៏នឹង​យកឱកាសនេះដាក់បង្ហាញ និងដាក់តាំងពិព័រណ៍នូវផលិតផល ឧបករណ៍ ព្រមទាំង​ដំណោះ​ស្រាយ AI ថ្មីៗបំផុតរបស់ពួកគេ។
ថ្នាក់ដឹកនាំ និងអ្នកកំណត់គោលនយោបាយ គោលនយោបាយជាច្រើន នឹងពិភាក្សា​អំពី​អភិ​បាលកិច្ច សីលធម៌ និងការប្រើប្រាស់ AI ឱ្យមានសុវត្ថិភាព និងទំនួលខុសត្រូវ។
សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ត្រូវបានបង្កើតឡើងជាលើកដំបូងនៅឆ្នាំ២០១៨។ ព្រឹត្តិ​ការណ៍នេះ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងនៅទីក្រុងស៊ាងហៃ (Shanghai) ប្រទេស​ចិន ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក។
សន្និសីទនេះ ធ្វើឡើងដើម្បីកសាងវេទិកាសហប្រតិបត្តិការ និងការផ្លាស់ប្តូរគំនិត​កម្រិតខ្ពស់​មួយនៅលើពិភពលោក ក្នុងគោលបំណងជំរុញការអភិវឌ្ឍបច្ចេកវិទ្យា AI ឱ្យមាន​ការរួម​បញ្ចូល​គ្នាជាមួយសេដ្ឋកិច្ច និងសង្គមជាតិ ព្រមទាំងការស្វែងរកដំណោះស្រាយរួមចំពោះ​បញ្ហា​ប្រឈមនានាដែលកើតចេញពីការប្រើប្រាស់ AI។
សន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក បានក្លាយជាស្ពានចម្លងដ៏សំខាន់មួយក្នុងការ​តភ្ជាប់​អ្នក​វិទ្យាសាស្ត្រ សហគ្រិន និងអ្នកនយោបាយមកពីគ្រប់ទិសទី ដើម្បីរួមគ្នាកំណត់ទិសដៅ​អនា​គត​នៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
សន្និសីទឆ្នាំ២០២៦នេះ ត្រូវបានគេរំពឹងថា មានអ្នកចូលរួមសរុបជាង ៣៥០,០០០នាក់ ព្រម​ទាំងមានក្រុមហ៊ុនចូលរួមដាក់តាំងពិព័រណ៍ជាង ១,១០០ក្រុមហ៊ុន ដែលបង្ហាញពីភាព​ជោគ​ជ័យនៃព្រឹត្តិការណ៍នេះ ក្នុងនាមជាវេទិកាសម្រាប់ផ្លាស់ប្តូរគំនិត និងកិច្ចសហប្រតិបត្តិ​ការអន្តរ​ជាតិ​លើវិស័យ AI៕

You might also like