បង្ក្រាបបារីគេចពន្ធខុសច្បាប់ ៣៦,០០០សុង នៅខេត្តស្វាយរៀង
ខេត្តស្វាយរៀង៖ កម្លាំងគយចល័តដឹកនាំដោយលោក ព្រាប គារ៉ាត បង្ក្រាបបារីគេចពន្ធខុសច្បាប់ ៣៦,០០០សុង នៅខេត្តស្វាយរៀង។
ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស កម្លាំងគយចល័តនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស ដែលដឹកនាំផ្ទាល់ដោយ លោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋាន បង្ក្រាបបទល្មើសទូទាំងប្រទេស បានចុះទៅបង្រ្កាបដល់ទីតាំងឃ្លាំងស្តុកបារីមួយកន្លែងនៅជាប់ព្រំដែនកម្ពុជាវៀតណាម ក្នុងខេត្តស្វាយរៀង។
ប្រតិបត្តិការនេះបានសហការយ៉ាងជិតស្និទ្ធជាមួយកម្លាំងយោធាការពារព្រំដែន២៣២ របស់ខេត្តស្វាយរៀង កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថខេត្តស្វាយរៀង និងការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត។
ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដែលដឹកនាំផ្ទាល់ដោយលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងចម្រុះបានចុះទៅដល់ទីតាំងឃ្លាំងស្តុកបារីមួយកន្លែងនៅជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។
ជាលទ្ធផលនៃការត្រួតពិនិត្យឆែកឆេរ កម្លាំងមានសមត្ថកិច្ចបានរកឃើញបារីចំនួន
កម្លាំងមានសមត្ថកិច្ចចម្រុះបានត្រួតពិនិត្យឆែកឆេរឃើញមានបារី ចំនួន ៣ប្រភេទដូចខាងក្រោម៖
1- បារីម៉ាក JPS (Taiwan) ៣១២កេស X ៦០សុង= ១៨,៧២០សុង
2- បារីម៉ាក B&H (UK) ១៨៦កេស X ៦០សុង= ១១,១៦០សុង
3- បារីម៉ាក Winfield Original Classic (Indonesia) ១០២កេស X ៦០សុង=៦១២០សុង
សរុបបារីចំនួន ៦០០ប៊ិច = ៣៦,០០០សុង (គ្មានបិទត្រាពន្ធគយ)
ទំនិញបារីខុសច្បាប់ខាងលើត្រូវបាននាំយកមកថែរក្សាទុកបណ្ដោះអាសន្ននៅឃ្លាំងរបស់ការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិបាវិត ដើម្បីរង់ចាំការសម្រេចដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរក្នុងការ ប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងធានានូវការអនុវត្តច្បាប់គយប្រកបដោយប្រសិទ្ធភាព៕






