អាមេរិក វាយប្រហារលើអាកាសយានដ្ឋាន ស្ពាន និងស្ថានីយ៍រថភ្លើង ក្នុងយុទ្ធនាការកម្ទេចអ៊ីរ៉ង់នៅយប់ទី៦
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយនៅថ្ងៃសុក្រ ១៧ កក្កដានេះថា ការវាយប្រហារដ៏សាហាវរបស់អាមេរិកពេញមួយយប់បានចំអាកាសយានដ្ឋានមួយ ស្ថានីយ៍រថភ្លើងមួយនៅក្នុងទីក្រុងកំពង់ផែ Bandar Abbas និងស្ពានពីរខ្សែ នៅភាគខាងត្បូងអ៊ីរ៉ង់នៅជិតច្រកសមុទ្រ Hormuz ។
ទូរទស្សន៍រដ្ឋ IRIB បាននិយាយនៅលើ Telegram ថា សំឡេងផ្ទុះចំនួនបីត្រូវបានឮនៅជុំវិញអាកាសយានដ្ឋាន ហើយយ៉ាងហោចណាស់គ្រាប់ផ្លោងរបស់សត្រូវអាមេរិកមួយគ្រាប់បានវាយប្រហារអាកាសយានដ្ឋាន Iranshahr នៅភាគអាគ្នេយ៍។
សារព័ត៌មាន Mehr បាននិយាយនៅលើ Telegram ថា ប៉ុន្មាននាទីមុននេះ ស្ថានីយ៍រថភ្លើង Bandar Abbas ត្រូវបានសត្រូវអាមេរិកវាយប្រហារ។ យោងតាមរបាយការណ៍នេះ ជនជាតិអ៊ីរ៉ង់ពីរនាក់បានរងរបួសក្នុងការវាយប្រហារនេះ។
Bandar Abbas គឺជាទីតាំងកំពង់ផែធំបំផុតរបស់អ៊ីរ៉ង់ និងមូលដ្ឋានកងទ័ពជើងទឹក និងឆ្មាំបដិវត្តន៍សំខាន់ៗ ដែលមូលដ្ឋានទាំងពីរនេះស្ថិតនៅលើច្រកសមុទ្រ Hormuz។
របាយការណ៍ផ្លូវការមួយបាននិយាយអំពីការវាយប្រហារតាមអាកាសទម្លាក់គ្រាប់បែកលើស្ពានពីរកន្លែង នៅខេត្ត Hormozgan ហើយបានដកស្រង់សម្តីពីសារព័ត៌មាន IRNA ដោយនិយាយថាមនុស្សពីរនាក់បានស្លាប់ និងបួននាក់រងរបួស។
អាមេរិក និងអ៊ីរ៉ង់បានបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើងកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការកើនឡើងជម្លោះរយៈពេលមួយសប្តាហ៍ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បទឈប់បាញ់កាលពីខែមុន។
យោធាអាមេរិកបាននិយាយថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់នៅយប់ទីប្រាំមួយលើអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើឲ្យចុះខ្សោយសមត្ថភាពយោធាអ៊ីរ៉ង់បន្ថែមទៀត។ជាការឆ្លើយតបអ៊ីរ៉ង់ នៅតែបន្តវាយប្រហារដាក់គោលដៅលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់៕






