លោក ស៊ី ជីនពីង៖ AI មិនគួរត្រូវបានគ្រប់គ្រងផ្ដាច់មុខដោយប្រទេសណាមួយឡើយ
(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថាបញ្ញាសប្បនិម្មិត ឬ AI មិនគួរត្រូវបានគ្រប់គ្រងផ្ដាច់មុខដោយប្រទេសណាមួយនោះទេ ជាមួយការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាសកលលើការអភិវឌ្ឍ AI ខណៈរូបលោកថ្លែងសុន្ទរកថានៅឯសន្និសីទដ៏សំខាន់មួយក្នុងទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសុន្ទរកថានៅឯពិធីបើកសន្និសីទបញ្ញាសប្បនិម្មិតពិភពលោក World Artificial Intelligence Conference លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «ការអភិវឌ្ឍ AI មិនគួរត្រូវបានគ្រប់គ្រងក្ដោបក្ដាប់តែម្នាក់ឯងដោយប្រទេសមួយនោះទេ ប៉ុន្តែគួរតែធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិ»។ លោកបន្ថែមថា «យើងគួរតែអនុវត្តច្បាប់ និងបទបញ្ញត្តិ ការតាមដានតាមបច្ចេកវិទ្យា ការព្រមានជាមុន និងប្រព័ន្ធឆ្លើយតបទៅនឹងគ្រោះអាសន្ន ដើម្បីធានាឱ្យបានថា AI ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សជានិច្ច»។
លោក ស៊ី ជីនពីង ក៏បានលើកឡើងដែរពីតួនាទីរបស់ចិនក្នុងការធានាសមភាពនៃការទទួលបានសមត្ថភាពអភិវឌ្ឍ AI សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍក្នុងគោលបំណងបង្ការកុំឱ្យភាពអយុត្តិធម៌កើតឡើងក្នុង AI ជាមួយការប្រកាសពីផែនការរបស់ចិនដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះរួមមានមកពីតំបន់អាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងក្រុមប្រទេស BRICS សំដៅផ្ដល់កាលានុវត្តភាព AI៕






