ផ្លូវការ! ក្រុមបាល់ទះកម្ពុជា ឡើងវគ្គ ១/២ នៃពានរង្វាន់ SEA V-Cup 2026 ដោយត្រូវជួបក្រុមថៃ នាថ្ងៃស្អែក
(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ SEA V-Cup 2026 ជើងទី១ ជាផ្លូវការហើយ ដោយត្រូវជួបក្រុមជម្រើសជាតិថៃ នាថ្ងៃស្អែក នៅប្រទេសហ្វីលីពីន។
ការឡើងទៅកាន់វគ្គ ៤ក្រុមចុងក្រោយនេះ បន្ទាប់ពីក្រុមជម្រើសជាតិឥណ្ឌូនេស៊ី បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ៣-០សិត ក្នុងជំនួបបញ្ចប់ពូល A នៅល្ងាចថ្ងៃទី១៧ ខែកក្កដានេះ ជាមួយពិន្ទុ ២៥-២០, ២៥-២៣ និង ២៧-២៥។
ជ័យជម្នះរបស់ក្រុមខ្លាំងឥណ្ឌូនេស៊ីនេះ នាំឲ្យពួកគេឈរលេខ១ ក្នុងពូល មាន ៦ពិន្ទុ គ្រាដែលកម្ពុជា រក្សាឈរលេខ២ រកបាន ២ពិន្ទុ ត្រូវដឹកដៃគ្នាឡើងទៅវគ្គបន្ដ ដ្បិតហ្វីលីពីន សល់ឱកាសត្រឹមប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៥ ជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា។
សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ផ្អែកលើរូបមន្ដការប្រកួតឥណ្ឌូនេស៊ី នឹងត្រូវជួបវៀតណាម ដែលឈរលេខ២ ក្នុងពូលB ហើយកម្ពុជា ត្រូវជួបក្រុមថៃ ដែលជាក្រុមកំពូលតារាងពូលB នាថ្ងៃទី១៨ ខែកក្កដាស្អែក នៅមជ្ឈមណ្ឌលកីឡា Candon City ប្រទេសហ្វីលីពីន។
នេះជាការបើកទំព័រថ្មីមួយទៀត សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដែលបានឈានដល់វគ្គ ៤ក្រុមចុងក្រោយ នៃពានប្រចាំតំបន់នេះ ក្រោយការបង្ហាញខ្លួនលើកដំបូង កាលពីឆ្នាំ២០២៥ ពុំសូវទទួលបានលទ្ធផលល្អប្រសើរ ពិសេសជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់ប្រទេសជិតខាងស្អែក ដែលជាការប្រកួតដ៏សំខាន់ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។
សូមបញ្ជាក់ថា ពានរង្វាន់ SEA V-Cup 2026 បែងចែកការប្រកួតជា ២ជើង ដោយមានបេក្ខភាព ៦ក្រុមចូលរួម និងបែងចែកជា ២ពូល ក្នុងនោះជើងទី១ ធ្វើឡើងនៅហ្វីលីពីន ចាប់ពីថ្ងៃទី១៥-១៩ ខែកក្កដា និងជើងទី២ ធ្វើឡើងនៅឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ។ សម្រាប់ការប្រកួតទាំង ២ជើង ក្រុមនីមួយៗ ត្រូវប្រជែងជើងឯកផ្សេងគ្នា ដោយក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុក្នុងពូល ក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងត្រូវឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕






