ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ៖ កម្មវិធីបណ្តុះបណ្តាល«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ដើម្បីលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារ

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ និងចែកវិញ្ញាបនបត្រនៃសិក្ខាសាលាវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៧» នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ គណៈគ្រប់គ្រងនៃសាលាភូមិន្ទរដ្ឋបាល ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា តំណាងធនាគារពិភពលោក ព្រមទាំងសហការី សាស្ត្រាចារ្យ គ្រូឧទ្ទេស និងសិក្ខាកាមជាច្រើនរូប។
ក្នុងរបាយការណ៍នៃការរៀបចំវគ្គបណ្តុះបណ្តាលរបស់លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានរៀបចំវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមជាន់ខ្ពស់បានចំនួន៧ ជំនាន់មកហើយ ដែលសិក្ខាកាមចូលរួមគឺជាមន្ត្រីជាន់ខ្ពស់ មកពីក្រសួង ស្ថាប័នថ្នាក់ជាតិ មានមុខតំណែង ចាប់ពីប្រធាននាយកដ្ឋានរហូតដល់រដ្ឋលេខាធិការ ឬមុខតំណែងប្រហាក់ប្រហែល និងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ មានមុខតំណែងចាប់ពីអភិបាលក្រុង ស្រុក ខណ្ឌ នាយករដ្ឋបាលរាជធានី-ខេត្ត រហូតដល់ អភិបាលរាជធានី-ខេត្ត។
លោក យក់ ប៊ុនណា បានបន្ថែមថា វគ្គបណ្តុះបណ្ដាលជំនាន់ទី៨ មានសិក្ខាកាមជាំន់ខ្ពស់ចំនួន ១៧៩នាក់ ស្រី២៤នាក់ ជាមន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នថ្នាក់ជាតិចំនួន៣២ និងការដ្ឋានកែទម្រង់គន្លឹះទាំង៥ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ២០រាជធានី-ខេត្ត មានមុខតំណែង ដូចជំនាន់មុនៗដែរ។ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលជាប់ជាស្ថាពរមានចំនួន ១៧៤នាក់ ស្រី ២៤នាក់ ស្មើនឹង ៩៧,២%។
នាឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសរសើចំពោះកិច្ចខំប្រឹងប្រែងសិក្សារៀនសូត្រ ក៏ដូចជាការបំពេញគ្រប់លក្ខខណ្ឌនានារបស់សិក្ខាកាមជាន់ខ្ពស់ជំនាន់ទី៨ ទាំង ១៧៤នាក់ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គដោយជោគជ័យ ហើយនេះគឺជាការបោះជំហានមួយទៀតក្នុងការចូលរួមអនុវត្តមូលធនមនុស្ស និងរួមចំណែកដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា កម្មវិធីបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» ឆ្លើយតបនឹងអាទិភាពគន្លឹះទី១​ និងស្របតាមទិសដៅនៃការពង្រឹង និងកែទម្រង់ស្ថាប័ន និងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងសមត្ថភាពអនុវត្តការងារផងដែរ។
គួរបញ្ជាក់ដែរថា វគ្គបណ្ដុះបណ្ដាលទាំង៨ ជំនាន់មានសិក្ខាកាមជាន់ខ្ពស់ ដែលបានចូលរៀនសរុបចំនួន ១,៣៧៨នាក់ ស្រី ២២១នាក់ ក្នុងនោះសិក្ខាកាមជាន់ខ្ពស់ ដែលបានជាប់ជាស្ថាពរមានចំនួន ១,៣៥២នាក់ ស្រី ១៩៤នាក់ ស្មើនឹង ៩៨,១១%។ សូមជម្រាបដែរ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ បានអនុញ្ញាតជូនតំណាងសិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី៨ ឡើងធ្វើចំណាប់អារម្មណ៍ចំពោះវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៨» ផងដែរ៕

You might also like