ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធគុនខ្មែរ ទម្លាយហេតុការណ៍លម្អិតមុនការផ្អាកប្រកួត ដែលកីឡាករថៃ មានបំណងលេងខូចរឿងគីឡូលើកីឡាករខ្មែរ

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ កន្លងទៅនេះ មានកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរមួយរៀបចំធ្វើឡើងនៅប្រទេសអូស្រ្តាលី ហើយក្នុងនោះក៏មានកីឡាកររបស់កម្ពុជាយើងឈ្មោះ ឡុង សំណាង ត្រូវប៉ះជាមួយនឹងកីឡាករថៃឈ្មោះ Sograw។
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសម្រេចផ្អាកការប្រកួតនោះភ្លាមៗ ដោយសារកីឡាករថៃមិនគោរពលក្ខខណ្ឌ និង មានភាពក្រឡិចក្រឡុច មិនបានធ្វើគីឡូឱ្យត្រឹមត្រូវតាមអ្វីដែលបានព្រមព្រៀងជាមួយកីឡាកររបស់កម្ពុជា និង គណៈកម្មការ នៅត្រឹមថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ ដែលជាថ្ងៃប្រកួត។

ក្រោយការផ្អាកមិនឱ្យប្រកួត ស្រាប់តែខាងភាគីថៃ និង កីឡាករថៃឈ្មោះ Sograw បានបង្កភាពអនាធិបតេយ្យ ហើយឈានដល់ការប្រើហិង្សានៅក្នុងកម្មវិធីនេះយ៉ាងខ្លាំង ពោលគឺកីឡាករថៃបានប្រើហិង្សាលើលោកគ្រូ ពេជ្រ សុផាន់ អំឡុងការប្រទាំងប្រទើសគ្នាមួយប្រាវនៅលើសង្វៀនប្រដាល់គុនខ្មែរនោះទៀតផង។
ចំពោះហេតុការណ៍នេះ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦ នេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក៏បានបកស្រាយលម្អិតទៅកាន់សាធារណជន និង អ្នកសារព័ត៌មាន ទៅលើការសម្រេចផ្អាកការប្រកួតជាមួយកីឡាករថៃ ដោយឯកឧត្តមបានបញ្ជាក់ដំណើររឿងផងដែរ។
ឯកឧត្តម ខូវ ឆាយ បានមានប្រសាសន៍ឱ្យដឹងថា សម្រាប់ការប្រកួតឺមានការឯកភាពគ្នាលើគីឡូ ៦៨ គ.ក ដែលមានឯកសារបញ្ជាក់ត្រឹមត្រូវ ស្រាប់តែពេលថ្លឹងទម្ងន់កីឡាករថៃ ទម្ងន់ឡើងដល់ ៦៩.៩ គ.ក ខណៈ ឡុង សំណាង មានទម្ងន់ក្រោម ៦៨ ទេ ពោលគឺ ៦៧.៣ ឬ ៦៧.៤ គ.ក ទេ ដោយរក្សាគីឡូបានត្រឹមត្រូវ។ ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តថា ដូច្នេះយើងបានបដិសេធតាំងពីថ្ងៃនោះហើយថាយើងអត់ប្រកួតទេ គ្រាន់តែថាដៃគូរនៅតែទទូចឱ្យរកដំណោះស្រាយ ដោយសារកីឡាករថៃនេះរស់នៅអូស្ត្រាលីយូរ ហើយមានអ្នកគាំទ្រទិញសំបុត្រខ្ទង់ ៥០ នាក់ អ៊ីចឹងបើគូហ្នឹងអត់ប្រកួតអាចនឹងមានបញ្ហាកើតឡើង។
ឯកឧត្តម ខូវ ឆាយ បានបញ្ជាក់ថា ដោយសារគូប្រកួតស្នើថានឹងធ្វើគីឡូឱ្យត្រូវ ដោយគីឡូប៉ុនគ្នានៅថ្ងៃប្រកួតទើបខាងយើងព្រមព្រៀងប្រកួតជាធម្មតា លុះនៅថ្ងៃប្រកួតយើងព្យាយាមសម្របសម្រួលដោយយកជញ្ជីងឱ្យថ្លឹង បើត្រឹមត្រូវទើបយើងប្រកួត ស្រាប់តែគេបដិសេធមិនព្រមថ្លឹង ក៏យើងមិនព្រមប្រកួត ហើយរុញការប្រកួតនេះទៅគូចុងក្រោយ ដើម្បីបញ្ចៀសបញ្ហាខូចកម្មវិធីទាំងមូល។
គូសបញ្ជាក់ផងដែរថា ក្រោយកីឡាករកម្ពុជាមិនព្រមប្រកួត ស្រាប់តែខាងភាគីថៃបានកូរហើយឈានដល់ការប្រើហិង្សានៅក្នុងកម្មវិធីនេះយ៉ាងខ្លាំង ពោលគឺកីឡាករថៃបានប្រើហិង្សាលើលោកគ្រូ ពេជ្រ សុផាន់ អំឡុងការប្រទាំងប្រទើសគ្នាមួយប្រាវនៅលើសង្វៀនប្រដាល់គុនខ្មែរទៀតផង៕

You might also like