មុខសញ្ញាគាស់តូបចូលលួចទូរស័ព្ទជាច្រើនគ្រឿង ត្រូវបានអាវុធហត្ថឃាត់ខ្លួនបានចំនួន ០៥នាក់
បាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដែលមានលោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ជាមេបញ្ជាការ បានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៥នាក់ជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធមុខសញ្ញាលួចមានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឈ្មោះ ឡោះ ស៊ីណាត ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធករណីគាស់សោរតូបចូលលួចទូរស័ព្ទដៃប្រហែល ៤០គ្រឿង និង ប្រាក់រៀលប្រហែល ៥០០០០ រៀល (ប្រាំម៉ឺនរៀល) នៅវេលាម៉ោង ០៣និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន /១.ឈ្មោះ លឿន ចាន់ធី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង /២.ឈ្មោះ ចំរើន សុខហេង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ /៣.ឈ្មោះ ចាន់ វិចិត្រ ហៅ ផាន់ណា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ /៤.ឈ្មោះ ណាត រ៉ូហ្សា ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរកម្មករ /៥.ឈ្មោះ ថេត វ៉ាន់នី ហៅ ដា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ ទាំង០៤នាក់រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន! /ទូរស័ព្ទចំនួន ២៧គ្រឿង /ម៉ូតូ០២គ្រឿង /អាវម៉ូតូ០១ឈុត /កាបូបស្ពាយ ០២ ។
ជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីក៏សាងសំណុំរឿងចាត់ការតាមនីតិវិធី ។






