កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំងទៀត នៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៤៣នាក់ តែមិនពាក់ព័ន្ធបទល្មើស Online Scams នោះទេ

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះខេត្ត ក្រោមការសម្របសម្រូលនីតិវិធីដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំង នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន ៤៣នាក់ (ស្រី២១នាក់) ២សញ្ជាតិ ថៃ៤០នាក់ (ស្រី២០នាក់) និងឥណ្ឌូនេស៊ី៣នាក់ (ស្រី១នាក់) តែមិនរកឃើញមានការជាប់ពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។
ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ទីតាំងទាំង៣ រួមមាន៖
*ទីតាំងទី១៖ ផ្ទះវីឡា២ជាន់ ៦បន្ទប់ មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅ៣នាក់ (ស្រី១នាក់) តែពុំមានសម្ភារសង្ស័យនោះទេ និងអប់រំម្ចាស់ទីតាំង
*ទីតាំងទី២៖ អគារកម្ពស់៥ជាន់ ៣២បន្ទប់ មានជនជាតិថៃស្នាក់នៅចំនួន២៥នាក់ (ស្រី១២នាក់) តែពុំមានសម្ភារសង្ស័យនោះទេ និងអប់រំម្ចាស់អគារ។
*ទីតាំងទី៣៖ អគារជួល មាន៥០បន្ទប់ មានជនជាតិថៃស្នាក់នៅចំនួន១៥នាក់ (ស្រី៨នាក់) តែពុំមានសម្ភារសង្ស័យ និងអប់រំម្ចាស់អគារ៕

You might also like