កម្ពុជា ប្រាប់ទៅថៃ ឱ្យបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់ ប្រកបដោយឆន្ទៈតាមកិច្ចព្រមព្រៀងដែលមានស្រាប់
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការអំពាវនាវឲ្យ ភាគីថៃបញ្ឈប់បង្កើតលេសសម្រាប់ការពន្យាពេលដោយចេតនារបស់ខ្លួន ទាក់ទងនឹងបញ្ហាព្រំដែនជាមួយ កម្ពុជា ហើយត្រូវវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់ ប្រកបដោយឆន្ទៈ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបាន ចេញកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានអះអាងនៅទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះថា ការដែលកម្ពុជាសម្រេចចិត្តដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បាន “បិទទ្វារ” ចំពោះការចរចាលើព្រំដែនគោក។ នេះមិនមែនជាការពិតទាល់តែសោះ។
ក្រសួងការបរទេសកម្ពុជាបានរំលឹកទៅភាគីថៃថា ព្រំដែនសមុទ្រ និងព្រំដែនគោកត្រូវបានគ្រប់ គ្រងដោយក្របខណ្ឌច្បាប់ផ្សេងគ្នា និងយន្តការទ្វេភាគីផ្សេងៗគ្នា ហើយកម្ពុជាជ្រើសរើសផ្លូវដោះស្រាយ តាម(UNCLOS) គឺពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រតែមួយគត់។ «ដូច្នេះ កម្ពុជាសូមអំពាវនាវឱ្យថៃឈប់បង្កើតលេសសម្រាប់ការពន្យារពេលដោយចេតនារបស់ខ្លួន ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញដោយសុច្ឆន្ទៈ តាមការព្រមព្រៀងគ្នារួចក្រោមលក្ខខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ គ្មានហេតុផលអ្វីទាំងអស់ ទាំងខាងផ្នែកច្បាប់ទាំងលើការអនុវត្តជាក់ស្តែង សម្រាប់ឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកពន្យារពេលបន្តអនុវត្តការងារ ខណ្ឌសីមាព្រំដែន ស្របគ្នានឹងដំណើរការលើបញ្ហាដែនសមុទ្រក្រោម UNCLOS នោះទេ។
ការអំពាវនាវនេះ ក៏ត្រូវបានលើកឡើងផងដែរនៅក្រៅតំបន់ ដោយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅថ្មីៗនេះដែរ សភានៃប្រទេសនិយាយភាសាបារាំងបានអនុម័តសេចក្តីសម្រេចមួយ ដែលបញ្ជាក់ជាថ្មីនូវការគាំទ្រ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយបានអំពាវនាវឱ្យមានការបន្ធូរបន្ថយភាពតានតឹង និងបង្ហាញការគាំទ្រដល់ដំណើរការខណ្ឌសីមាព្រំដែន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនជាបន្តទៀត។
តាមរយៈក្រសួងការបរទេសកម្ពុជាក៏បានរំលេចផងដែរថា សហគមន៍អន្តរជាតិរំពឹងថា ប្រទេសថៃនឹងគោរពសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ របស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីប្រាសាទព្រះវិហារ និងការកំណត់ព្រំដែនគោកស្របតាម អនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ដូចដែលភាគីទាំងពីរបានបញ្ជាក់ការទទួលស្គាល់តាម អនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០។
ក្រសួង បានបន្ថែមថា ការពន្យារពេលដំណើរការងារខណ្ឌសីមាព្រំដែនដោយគ្មានកំណត់ ដើម្បីកាន់កាប់ជាអចិន្ត្រៃយ៍ និងកាត់យកទឹកដីកម្ពុជា ដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញអាស៊ាន ដែលមិនអាចអនុញ្ញាតឱ្យបន្តបានឡើយ៕






