សពជនរងគ្រោះមុជទឹកបាញ់ត្រីបាត់ខ្លួននៅស្ពានកោះពស់ ត្រូវបានរកឃើញនៅជិតស្ពានអូត្រេះ

ខេត្តព្រះសីហនុ ៖ កម្លាំងទីបញ្ជាការជួរមុខ រកឃើញសពជនរងគ្រោះដែលបាត់ខ្លួន ពេលមុជទឹកបាញ់ត្រីនៅស្ពានកោះពស់ហើយ ។

នេះបើយោងតាមផេកទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្របានប្រកាសនាថ្ងៃទី២២ ខែកក្កដានេះថា យោងតាមបទបញ្ជារបស់ ឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ នៅវេលាម៉ោង០៦:៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខ ចំនួន០៨រូប ដឹកនាំដោយ វរនាវីត្រី គួប ពិន មេបញ្ជាការរងកងនាវាអន្តរាគមន៍ បានប្រើប្រាស់មធ្យោបាយអូប័រចំនួន០២គ្រឿង (RIHB លេខ១៣៣ និងអូប័រ៦០សេះ របស់ស្នាក់ការសន្តិសុខកោះតាង) បន្តចេញប្រតិបត្តិការស្វែងរកជនរងគ្រោះឈ្មោះ ផែន សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ដែលបានចុះមុជទឹកបាញ់ត្រី នៅក្រោមស្ពានកោះពស់ បាត់ខ្លួន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ។ លុះដល់វេលាម៉ោង០៧:៣៥នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងទីបញ្ជាការជួរមុខបានរកឃើញសាកសពជនរងគ្រោះ នៅចំណុចនិយាមកា Lat: 10°33’18″N, Long: 103°33’21″E ស្ថិតនៅជិតស្ពានអូត្រេះ ។
សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនសមត្ថកិច្ច និងមន្ត្រីជំនាញ ព្រមទាំងក្រុមគ្រូពេទ្យត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ មុននឹងប្រគល់ជូនក្រុមគ្រួសារ និងសាច់ញាតិយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ៕

You might also like