ឯកឧត្តម នេត្រ ភក្ត្រា៖ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (fait accompli) ដែលថៃកំពុងធ្វើ នៅលើទឹកដីកម្ពុជាដោយខុសច្បាប់ មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនអន្តរជាតិដែលមានមូលដ្ឋានតាមច្បាប់បានទេ

“យោងតាមមន្ត្រីរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ការពិតផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងឯកសារផែនទី មិនអាចត្រូវបានបំភ្លៃដោយការអះអាងជាឯកតោភាគីណាមួយបានឡើយ។ កុំថាឡើយផែនទីមាត្រដ្ឋាន ១/២០០ ០០០ ដែលកើតចេញពីដំណើរការកំណត់ព្រំដែនឥណ្ឌូចិន-សៀម និងបង្ហាញយ៉ាងច្បាស់ថា ប្រាសាទខ្នារ ស្ថិតក្នុងទឹកដីកម្ពុជា សូម្បីតែផែនទីមាត្រដ្ឋាន ១/៥០ ០០០ ស៊េរី L7017 ដែលថៃរៀបចំដោយឯកតោភាគី ក៏បង្ហាញថា ប្រាសាទខ្នារ និងប្រាសាទតាមាន់ធំ ស្ថិតនៅខាងទឹកដីកម្ពុជាដែរ”។

ឯកឧត្តម នេត្រ ភក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្សព្វផ្សាយ នៅក្នុងបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦នេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ “ហេតុដូច្នេះ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីចូលកាន់កាប់ទីតាំងទាំងនេះ មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាព ឬផ្លាស់ប្តូរខ្សែព្រំដែនអន្តរជាតិបានឡើយ”។

ជាមួយគ្នានេះ កម្លាំងយោធាមិនអាចជំនួសច្បាប់ ហើយការកាន់កាប់ដោយកម្លាំងមិនអាចក្លាយជាមូលដ្ឋានស្របច្បាប់សម្រាប់ទាមទារទឹកដីបានទេ។
កម្ពុជាចាត់ទុកសកម្មភាពរបស់យោធាថៃក្នុងការប្រើប្រាស់កម្លាំងប្រដាប់អាវុធចូលមកលើទឹកដីកម្ពុជា និងការបន្តកាន់កាប់ទីតាំងក្នុងទឹកដីកម្ពុជា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

កម្ពុជាបានធ្វើការតវ៉ាយ៉ាងដាច់អហង្ការ និងមិនទទួលស្គាល់ជាដាច់ខាតនូវស្ថានភាពណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង ឬការកាន់កាប់ដោយខុសច្បាប់នោះឡើយ។
ការកាន់កាប់ដោយកម្លាំង មិនមែនជាការកំណត់ព្រំដែន។ ការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចលុបបំបាត់ឯកសារគតិយុត្ត និងខ្សែព្រំដែនដែលមានមូលដ្ឋានតាមច្បាប់បានទេ។
កម្ពុជាប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងយន្តការព្រំដែនដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។

ដូច្នេះ ភាគីថៃគួរបញ្ឈប់រាល់សកម្មភាពឯកតោភាគី ដែលអាចបង្កើតស្ថានភាពថ្មីនៅលើដី គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយបញ្ហាដែលនៅសេសសល់តាមមធ្យោបាយសន្តិវិធី និងច្បាប់ មិនមែនតាមរយៈអំណាចយោធាឡើយ។
ផែនទីមិនអាចត្រូវបានគូសឡើងវិញដោយកម្លាំងអាវុធ ហើយព្រំដែនអន្តរជាតិមិនអាចត្រូវបានផ្លាស់ប្តូរដោយការកាន់កាប់យោធា នោះទេ៕

You might also like