ឯកឧត្តម ហ៊ុន ម៉ានី ផ្ញើសារកោតសរសើរក្រសួងអប់រំ និងជូនពរបេក្ខជនប្រឡងបាក់ឌុបទាំងអស់ឱ្យទទួលបានជោគជ័យ
តាកែវ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការអគារសិក្សាថ្មីនៃសាលាបឋមសិក្សាសំរោង ក្នុងខេត្តតាកែវ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារកោតសរសើរយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធ ដែលបានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងជូនពរដល់បេក្ខជនទាំងអស់ឱ្យទទួលបានលទ្ធផលល្អ។
ថ្លែងទៅកាន់អង្គពិធីនារដូវកាលប្រឡងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំការប្រឡង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងភាគីពាក់ព័ន្ធទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃស្អែក”។
ទន្ទឹមនឹងការកោតសរសើរដល់ក្រុមការងារ ឯកឧត្តមក៏មិនភ្លេចឡើយក្នុងការផ្ញើសារជូនពរយ៉ាងកក់ក្តៅដល់ក្មួយៗសិស្សានុសិស្ស ដែលជាបេក្ខជនប្រឡងទាំងអស់ សូមឱ្យមានសុខភាពល្អ ស្មារតីរឹងមាំ ត្រៀមលក្ខណៈឱ្យបានរួចរាល់ និងទទួលបានលទ្ធផលជោគជ័យគ្រប់ៗគ្នានៅក្នុងការប្រឡងដ៏មានសារៈសំខាន់មួយនេះ។
គួរជម្រាបជូនផងដែរថា យោងតាមទិន្នន័យពីក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ១០ សីហា ២០២៦ នេះ មានមណ្ឌលប្រឡងសរុបចំនួន ២៤៤មណ្ឌល ស្មើនឹង ៦.១០៤បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៥១.១២៨ នាក់ ក្នុងនោះបេក្ខជននារីមានចំនួន ៨៤.៧៣៥នាក់។ ចំពោះការបែងចែកតាមកម្រិតថ្នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៣៧.៤៤៥នាក់ (ស្រី ២២.១៩៣នាក់) ដោយត្រូវប្រើប្រាស់មណ្ឌលប្រឡងចំនួន ៦៨មណ្ឌល ស្មើនឹង ១.៥២៦បន្ទប់។ ដោយឡែក សម្រាប់បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមវិញមានចំនួន ១១៣.៧៩៣នាក់ (ស្រី ៦២.៥៤២នាក់) ដោយត្រូវប្រើប្រាស់មណ្ឌលប្រឡងចំនួន ១៧៦មណ្ឌល ស្មើនឹង ៤.៥៧៨បន្ទប់។
ការប្រឡងនេះ ត្រូវបានរំពឹងថានឹងបន្តប្រព្រឹត្តទៅក្រោមគោលការណ៍ច្បាប់ តម្លាភាព និងយុត្តិធម៌ ដើម្បីធានាបាននូវគុណភាពអប់រំនៅកម្ពុជា៕






