ពាក្យទំនៀមខ្មែរពោលថា «ភូតច្រើន ចាញ់អាត្មា»
ពាក្យទំនៀមខ្មែរពោលថា «ភូតច្រើន ចាញ់អាត្មា» ។ ការភូតកុហក ការបដិសេធ និងការបង្វែរការពិតម្តងហើយម្តងទៀត មិនអាចធ្វើឱ្យអំពើខុសក្លាយជាត្រឹមត្រូវបានឡើយ ។ ផ្ទុយទៅវិញ វាកាន់តែបង្ហាញថា អ្នកនិយាយមិនមានអ្វីជាអំណះអំណាងក្រៅពីការទន្ទេញពាក្យពីរោះដូចជា «វិជ្ជាជីវៈ» «ភាពចាំបាច់» «សមាមាត្រ» និង «ការគោរពច្បាប់អន្តរជាតិ» ខណៈសកម្មភាពជាក់ស្តែងវិញផ្ទុយស្រឡះពីពាក្យដែលបានប្រកាស ។ នេះបើយោងតាមលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនាថ្ងៃទី៨ ខែសីហានេះ ។
នេះហើយជាអ្វីដែលខ្មែរយើងហៅថា «មាត់ជាទេវតា ចិត្តជាទេវទត្ត » ៖ មាត់និយាយពីច្បាប់ ប៉ុន្តែសកម្មភាពរំលោភច្បាប់; មាត់និយាយពីវិជ្ជាជីវៈ ប៉ុន្តែអំពើដែលបានប្រព្រឹត្តបន្សល់ទុកការស្លាប់ ការរងរបួស ការបំផ្លិចបំផ្លាញ និងការបង្ខំឱ្យជនស៊ីវិលរាប់សែននាក់ចាកចេញពីផ្ទះសម្បែងរបស់ខ្លួន។
ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយយកផែនទីឯកតោភាគី ដែលគូសដោយខ្លួនឯងមកធ្វើជាមូលដ្ឋាន យោធាថៃបានបើកការវាយប្រហារមុនមកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធធំទាំងពីរលើក គឺថ្ងៃទី២៤ ខែកក្កដា និងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ។ កាលបរិច្ឆេទទាំងនេះ មិនអាចលុបចេញពីកំណត់ត្រាប្រវត្តិសាស្ត្រ និងការចងចាំរបស់ប្រជាជនកម្ពុជាបានឡើយ ។ អ្វីដែលកាន់តែធ្ងន់ធ្ងរ គឺផលវិបាកនៃការវាយប្រហារបានធ្លាក់ទៅលើទីតាំងស៊ីវិលជាច្រើន ៖ វត្តអារាម ប្រាង្គប្រាសាទ ផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងៗ ។ ផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនថែមទាំងត្រូវបានបំផ្លិចបំផ្លាញ និងឈូសកម្ទេច បន្ទាប់ពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ។
ដូច្នេះ សំណួរដែលយោធាថៃ ត្រូវឆ្លើយមិនមែនថា តើខ្លួនអាចប្រើពាក្យ «វិជ្ជាជីវៈ» បានប៉ុន្មានដងទៀតនោះទេ ។ សំណួរពិត គឺ៖ តើជនស៊ីវិល កុមារ ស្ត្រី មនុស្សចាស់ វត្តអារាម សាលារៀន មន្ទីរពេទ្យ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ក្លាយជាគោលដៅយោធាដោយរបៀបណា?
បើយោធាថៃ អនុវត្តប្រតិបត្តិការប្រកបដោយវិជ្ជាជីវៈពិតប្រាកដ តើហេតុអ្វីបានជាជនស៊ីវិលកម្ពុជា ៣២នាក់ បាត់បង់ជីវិត និងជិត១០០ នាក់រងរបួស0x017d7 តើហេតុអ្វីបានជាប្រជាពលរដ្ឋរហូតដល់ប្រមាណ៦៥០,០០០ នាក់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងនៅកម្រិតខ្ពស់បំផុតនៃវិបត្តិ ហើយរហូតមកដល់ពេលនេះ នៅមានជនភៀសសឹកជាង២០,០០០ នាក់ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះ ភូមិដ្ឋាន និងជីវភាពធម្មតារបស់ខ្លួនវិញបាន ។
នេះមិនមែនជាសំណួរនៃវោហារសាស្ត្រទេ ។ នេះជាសំណួរនៃការទទួលខុសត្រូវ។ បើភាគីថៃពិតជាគោរពច្បាប់អន្តរជាតិ និងគោរពកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខា នោះវិធីបង្ហាញភាពស្មោះត្រង់មិនមែនតាមរយៈសេចក្តីថ្លែងការណ៍បដិសេធទេ ប៉ុន្តែតាមរយៈ ការអនុវត្តជាក់ស្តែង ៖ ដកកុងតឺន័រ ដកលួសបន្លា បើកផ្លូវ និងបញ្ឈប់រាល់សកម្មភាពដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេ ។
សិទ្ធិរបស់ជនភៀសសឹកក្នុងការវិលត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនដោយ សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ មិនមែនជាអំណោយដែលភាគីណាមួយអាចផ្តល់ ឬដកហូតតាមចិត្តបានឡើយ ។ វាជាគោលការណ៍មូលដ្ឋាននៃសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ដែលត្រូវបានលើកឡើងយ៉ាងច្បាស់ដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ។
បើចង់បង្ហាញថា ខ្លួនគោរពច្បាប់ពិតប្រាកដ ភាគីថៃក៏ត្រូវអនុវត្តដោយស្មោះត្រង់នូវកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ជំរុញការវាស់វែង និងខណ្ឌសីមាព្រំដែន តាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង ដោយមិនបន្តពន្យារពេល មិនបង្កើតលេសថ្មីៗ និងមិនប្រើសកម្មភាពឯកតោភាគីដើម្បីបង្កើត «ការពិតនៅលើដី» ។
សំខាន់ជាងនេះទៅទៀត ការដោះស្រាយព្រំដែនត្រូវផ្អែកលើមូលដ្ឋានច្បាប់ដែលមានសុពលភាព រួមមានអនុសញ្ញា និងសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ និងលទ្ធផលនៃការកំណត់ព្រំដែនដែលជាកេរតំណែលរដ្ឋ ។ ផែនទីឯកតោភាគីដែលភាគីមួយគូសដោយខ្លួនឯង មិនអាចជំនួសសន្ធិសញ្ញា មិនអាចបង្កើតអធិបតេយ្យភាព និងមិនអាចប្រែក្លាយទឹកដីរបស់អ្នកដទៃទៅជាទឹកដីរបស់ខ្លួនបានឡើយ ។
ច្បាប់ត្រូវយកមក អនុវត្ត មិនមែនយកមកតុបតែងសេចក្តីថ្លែងការណ៍ ។ វិជ្ជាជីវៈក៏ដូចគ្នា ។ វិជ្ជាជីវៈមិនមែនជាស្លាកដែលកងទ័ពអាចបិទលើខ្លួនឯង ហើយប្រកាសថា ខ្លួនមាននោះទេ ។ វាត្រូវបានវាស់វែងតាមរយៈអំពើ ៖ ការគោរពច្បាប់អន្តរជាតិ ការការពារជនស៊ីវិល ភាពចាំបាច់ និងសមាមាត្រពិតប្រាកដ តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវចំពោះផលវិបាកនៃសកម្មភាពរបស់ខ្លួន ។ ហើយនៅពេលសកម្មភាពជាក់ស្តែងបន្សល់ទុករណ្តៅគ្រាប់បែក សំណង់ស៊ីវិលខូចខាត ផ្ទះសម្បែងត្រូវបំផ្លាញ ជនស៊ីវិលស្លាប់ និងរបួស និងប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះបាន នោះការទន្ទេញពាក្យ «វិជ្ជាជីវៈ» ឬ «គោរពច្បាប់» រាប់រយដង ក៏មិនអាចលុបភស្តុតាងទាំងនោះបានដែរ។ ការពិតមិនខ្លាចការបដិសេធ។ ភស្តុតាងមិនរលាយដោយសារសេចក្តីថ្លែងការណ៍។ ហើយច្បាប់មិនអាចត្រូវបានជំនួសដោយការភូតកុហក។
បើចង់បង្ហាញថាខ្លួនគោរពច្បាប់ សូមគោរពវាដោយសកម្មភាព ។ បើចង់បង្ហាញថា ខ្លួនមានវិជ្ជាជីវៈ សូមបង្ហាញវាដោយការទទួលខុសត្រូវ ។






