ក្រសួងអប់រំ៖ ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងបាក់ឌុប មានបេក្ខជនអវត្តមាន ១ ២៩៤នាក់ (ស្រី៤៧៤នាក់)

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ មានបេក្ខជនអវត្តមានចំនួន ១ ២៩៤នាក់ (ស្រី៤៧៤នាក់) ស្មើនឹង០,៨៥ភាគរយ បេក្ខជនស្វ័យរិនចំនួន ១ ១០០នាក់ (ស្រី៣៨៧នាក់) បេក្ខជនចំណេះទូទៅចំនួន ១៩៤នាក់ (ស្រី៨៧នាក់)។

បេក្ខជនដែលមានបញ្ហាសុខភាព ៩៦នាក់ ក្នុងនោះបោះបង់ការប្រឡងចំនួន ១១នាក់ បេក្ខជនប្រឡងដាច់ដោយឡែក ២៤នាក់ បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន ២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព ១៩នាក់។

បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់បានបន្តការប្រឡងក្រោមការយកចិត្តទុកដាក់មើលថែពីក្រុមគ្រូពេទ្យ បន្ទាប់ពីមានអាការៈធូរស្រាល។ ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ សូមជម្រាបថា នៅខេត្តសៀមរាបមានករណីដកនាឡិកាឆ្លាតវៃពីគណៈកម្មការចំនួន៣ករណី។

នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ អនុវត្តតាមសេចក្ដីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពីគណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល គណៈកម្មាការកណ្ដាល គណៈកម្មាការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការណ៍ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១ ២៣៨នាក់ (ស្រី ៨៤ ៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧ ៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣ ៧៩៣នាក់ ស្មើនឹង ៧៥,២៤%។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តាមមណ្ឌលសំណេរនៃរាជធានី-ខេត្តទាំង២៥ នៅទូទាំងប្រទេស។

សូមបញ្ជាក់ដែរថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ បេក្ខជនចុះឈ្មោះប្រឡងសរុប ១៥១,២៣៨នាក់ (ស្រី ៨៤,៧៣៥នាក់)។ បេក្ខជនថ្នាក់វិទ្យាសាស្រ្ត មានចំនួន ៣៧,៤៤៥ នាក់ ស្មើនឹង ២៤,៧៦% និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១១៣,៧៩៣នាក់ ស្មើនឹង ៧៥,២៤%៕

 

You might also like