ក្រុមក្មេងទំនើង ២ក្រុម មានគ្នា ១៨នាក់ នាំគ្នាជួបជុំផឹកកណ្ដាលអធ្រាត្រ ត្រូវនគរបាលចុះប្រមូលយកទៅអប់រំ និងដកហូតម៉ូតូ ១២គ្រឿង
ខេត្តកណ្តាល÷ក្រុមក្មេងទំនើង ២ក្រុម ដែលមានគ្នាសរុប ១៨នាក់ ត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួនដល់កន្លែង ខណៈពួកគេកំពុងជួបជុំផឹកនៅតាមចិញ្ចើមផ្លូវនាយប់អធ្រាត្រ ដើម្បីយកមកអប់រំ និងធ្វើកិច្ចសន្យា។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២ និង២៥នាទីរំលងអធ្រាត្រ កាលពីថ្ងៃទី៩ សីហា ២០២៦ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ក្រុមក្មេងទំនើងទាំង ១៨នាក់នេះ គឺសុទ្ធសឹងតែជាយុវជន (ប្រុសទាំងអស់) ដែលមានអាយុចន្លោះពី ១៥ឆ្នាំ ដល់ ២៥ឆ្នាំ និងមាន មុខរបរជាសិស្ស និងកម្មករ។ លោកអធិការបានបន្តថា ពួកគេមានទីលំនៅរាយប៉ាយខុសៗគ្នា ដោយអ្នកខ្លះរស់នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល អ្នកខ្លះរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងមួយចំនួនទៀតរស់នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោយការធ្វើតេស្ត ពួកគេទាំង ១៨នាក់ គឺគ្មានសារធាតុញៀនក្នុងទឹកនោមនោះទេ។
លោកអធិការបានបញ្ជាក់ថា ជាមួយគ្នានេះ កម្លាំងជំនាញបានដកហូតវត្ថុតាងម៉ូតូចំនួន ១២គ្រឿង រួមមានម៉ាកសេ១២៥ ចំនួន ៧គ្រឿង ម៉ាកនីច ២គ្រឿង ម៉ាកហុងដាអេឌីវី ១គ្រឿង ម៉ាកស៊ីប៊ី១៥០សេសេ ១គ្រឿង និងម៉ាកស្កុបពី ១គ្រឿង។ លោកអធិការបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១០ ចេញល្បាតក្នុងភូមិសាស្រ្ដ។ ពេលកំពុងល្បាត សមត្ថកិច្ចក៏បានប្រទះឃើញក្រុមក្មេងទំនើងទាំង ២ក្រុម កំពុងជួបជុំគ្នាផឹកនៅតាមចិញ្ចើមផ្លូវ ទើបកម្លាំងហៅពួកគេនាំយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្ត។
នៅចំពោះមុខសមត្ថកិច្ច ពួកគេបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួបជុំគ្នាផឹកមិនព្រមចូលផ្ទះប្រាកដមែន។ បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង ១៨នាក់នេះ ត្រូវបានកម្លាំងជំនាញដាក់វិន័យអប់រំ និងធ្វើអនាម័យរយៈពេល ៣៦ម៉ោង ទៅ ៤៨ម៉ោង ព្រមទាំងអញ្ជើញក្រុមគ្រួសារមកធ្វើកិច្ចសន្យាធានាយកទៅអប់រំបន្តនៅផ្ទះរៀងៗខ្លួន៕






