សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុំ សំអាន នេះជាព័ត៌មានក្លែងក្លាយ និងមានភ្ជាប់រូបភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃខុសពីការពិត
សំណេរដែលបានផ្សាយលើគណនីហ្វេសប៊ុកបុគ្គល អ៊ុំ សំអាន នេះជាព័ត៌មានក្លែងក្លាយ និងមានភ្ជាប់រូបភាពដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបំភ្លៃខុសពីការពិត។ តាមពិត រូបភាពនេះជាទីតាំងបង្គោលព្រំដែនលេខ 23(2) ស្ថិតក្នុងភូមិសាស្រ្តភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី និងជាទីតាំងដែលភាគីកម្ពុជានិងវៀតណាមបានឯកភាពគ្នាបោះនៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០១០ មកម្ល៉េះ និងពុំដែលមានបញ្ហា ហើយក៏មិនមែនស្ថិតក្នុងភូមិសាស្រ្ត ភូមិចង ដូច អ៊ុំ សំអាន លើកឡើងនោះដែរ។
ចំពោះភូមិចង ស្ថិតនៅចម្ងាយពីប្រមាណ ៤គ.ម. ពីភូមិតាង៉ា និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ19-20 ដែលបានឯកភាពគ្នាបោះបង្គោលនៅលើដីជាក់ស្តែងតាំងពីឆ្នាំ២០០៨ មកម្ល៉េះ និងពុំដែលមានបញ្ហាត្រូវដោះស្រាយនោះទេ។ ដូច្នេះអ្វីដែលបុគ្គល អ៊ំ សំអាន បានលើកឡើងជាការមិនពិត និងជាការភូតកុហកទាំងស្រុង។
ចំពោះអូរសាថី (អ៊ុំ សំអាន ហៅ អូរសេដ្ឋី) ស្ថិតនៅខាងកើតបង្គោលលេខ 23(2) ប្រមាណ ៨គ.ម ហើយខ្សែព្រំដែនគឺដើរតាមអូរសាថីនេះជាយូរយារណាស់មក គឺចាប់ពីបង្គោលព្រំដែនលេខ24 ដល់លេខ 25 ហើយកម្ពុជា និងវៀតណាម ក៏បានឯកភាពគ្នាទាំងទីតាំងបង្គោលនិងខ្សែព្រំដែនដើរតាមអូរនេះតាំងពីឆ្នាំ២០១០ មកម្ល៉េះ គឺខ្សែព្រំដែនតាមផែនទី Bonne មាត្រដ្ឋាន1/100.000 របស់បារាំង …។ ដូច្នេះ សូមបងប្អូនកុំជឿ និងកុំចែករំលែកបន្តព្រោះជាព័ត៌មានក្លែងក្លាយ៕






