បង្ក្រាបសកម្មភាពរុករករ៉ែអនាធិបតេយ្យ ស្ថិតក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដោយទទួលបានការណែនាំ និងបញ្ជាយ៉ាងម៉ឺងម៉ាត់ពីឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្នុងការរឹតបន្តឹងច្បាប់ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិឱ្យបានម៉ឺងម៉ាត់បំផុតនោះ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដឹកនាំដោយលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្ត រួមមានមន្ត្រីឧទ្យាននុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃភ្នំព្រេច សរុបចំនួន ១២នាក់ បានចុះបេសកកម្មល្បាត និងបើកប្រតិបត្តិការទប់ស្កាត់ ព្រមទាំងបង្ក្រាបសកម្មភាពរុករករ៉ែអនាធិបតេយ្យ ។
យោងតាមប្រភពព័ត៌មានដែលកោះសន្តិភាពទទួលបាន នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅត្រង់ចំណុចភ្នំរហាវ និងអូរតាភួង ដែលមាននិយាមកា (៦៨៣៨៣៤, ១៣៩០០៧៣) ស្ថិតក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជាលទ្ធផល នៃប្រតិបត្តិការដ៏ក្តៅគគុកនេះ កម្លាំងសមត្ថកិច្ចជំនាញសម្រេចបាននូវលទ្ធផលសំខាន់ៗដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ខណៈពេលដែលពួកគេកំពុងតែធ្វើសកម្មភាពរុករករ៉ែដោយខុសច្បាប់ និងគ្មានលិខិតអនុញ្ញាតពីក្រសួង ឬស្ថាប័នជំនាញឡើយ ។
ប្រភពបន្តថា មន្ត្រីជំនាញបាននិងកំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធី ចាត់បញ្ជូនខ្លួនជនសង្ស័យទាំង ០៤នាក់ ទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ចំណែកវត្ថុតាង និងសម្ភារបទល្មើសដែលត្រូវដកហូតបាន ម៉ូតូ ចំនួន ០៣គ្រឿង ប្រេងសាំង ប្រមាណ ៤០លីត្រ ម៉ាស៊ីនសាំងបូមទឹក ចំនួន ០៩គ្រឿង ចបកាប់ ចំនួន ០១ផ្លែ កាំបិត ចំនួន ០៤ផ្លែ ដែកត្បែង ចំនួន ០១ផ្លែ។ចំពោះវត្ថុតាងដែលបានដកហូតទាំងអស់ ត្រូវបានមន្ត្រីជំនាញប្រមូលមករក្សាទុកជាបណ្តោះអាសន្ននៅទីស្នាក់ការបរិស្ថាន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។
លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មានប្រសាសន៍ថា មន្ទីរនឹងបន្តបង្កើនការល្បាត និងគ្រប់គ្រងតំបន់ការពារធម្មជាតិឱ្យកាន់តែម៉ឺងម៉ាត់បំផុត ដោយមិនលើកលែងឲ្យបុគ្គលណាដែលប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិ និងរ៉ែអនាធិបតេយ្យនៅក្នុងដែនសមត្ថកិច្ចនោះឡើយ ដើម្បីធានាបាននូវការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ៕

You might also like