ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញចុះពិនិត្យគម្រោងស្ថាបនា កែលម្អ និងជួសជុលស្តារឡើងវិញ ហេដ្ឋានរចនាសម្ព័ផ្លូវជនបទ សម្រាប់ផែនការឆ្នាំ ២០២៧ ក្នុងខេត្តកំពង់ចាម
កំពង់ចាម៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យគម្រោងស្ថាបនា កែលម្អ និងជួសជុលស្តារឡើងវិញ ហេដ្ឋានរចនាសម្ព័ផ្លូវជនបទ សម្រាប់ផែនការឆ្នាំ ២០២៧ ក្នុងខេត្តកំពង់ចាម សរុបចំនួន ៤ ខ្សែ ដោយផ្តោតសំខាន់ទៅលើលក្ខណៈភូមិសាស្រ្ត ស្ថានភាពខ្សែផ្លូវ និងជលសាស្ត្រក្នុងតំបន់ ដើម្បីឈានទៅសិក្សាលម្អិតខ្សែរផ្លូវគម្រោងក្នុងខេត្តកំពង់ចាម ប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹងការប្រើប្រាស់អោយបានយូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ។ក្នុងការអញ្ជើញចុះពិនិត្យនេះមានដូចខាងក្រោម៖
១-លើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ០១ខ្សែប្រវែង ៤,៧គម (ប្រវែងសរុប ៦,៨គម) និងលូមូលចំនួន ០៣កន្លែង នៅភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ភូមិទទា ភូមិកន្លែងរុន និងភូមិទួលវិហារ ឃុំរាយ ប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
២-លើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBSTចំនួន ០១ខ្សែ ប្រវែង ៤,៧គម (ប្រវែងសរុប ១៤គម) និងសំណង់សិល្បការ្យនៅ ភូមិស្រក ភូមិតាម៉ៅ ភូមិបុសខ្នុរ ស្រុកកំពង់សៀម ភ្ជាប់ទៅផ្លូវជាតិ លេខ៧១ ក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
៣-ស្ថាបនាផ្លូវក្រាលល្បាយកំទិចថ្មភ្នំប្រវែង ៤,៩គម ទទឹង ៧ម ស្ថិតនៅ ឃុំជាលា ស្រុកបាធាយ។
៤-សំណើសុំសាងសង់លូអ៊ុយតាមបណ្តោយផ្លូវ ប្រវែង ៨០០ម ស្ថិតក្នុង ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម៕








