កូរ៉េខាងត្បូង និងអាមេរិក ត្រៀមធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី១៧ ដល់ ២៧ ខែសីហា ដោយផ្តោតសំខាន់លើការទប់ទល់នឹងដ្រូន ការរំខានប្រព័ន្ធ GPS និងការវាយប្រហារសាយប័រ (Cyberattacks)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីយោធាអាមេរិក លោកវរសេនីយ៍ឯក រីយ៉ាន់ ដូណាល់ (Ryan Donald) បានបញ្ជាក់ថា សមយុទ្ធ Ulchi Freedom Shield (UFS) នេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទម្រង់សង្គ្រាមទំនើប។ លោកបានសង្កត់ធ្ងន់ថា ទាហានកូរ៉េខាងជើងបានទទួលបទពិសោធន៍ផ្ទាល់ពីសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យសមត្ថភាពយោធារបស់ពួកគេកាន់តែគ្រោះថ្នាក់ ដូច្នេះសម្ព័ន្ធមិត្តត្រូវតែហ្វឹកហាត់ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងទាំងនេះ។ សមយុទ្ធការពារនេះ នឹងមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងប្រមាណ ១៨,០០០នាក់។

គួរបញ្ជាក់ថា ទោះបីជាអាមេរិក និងកូរ៉េខាងត្បូងអះអាងថាជាការហ្វឹកហាត់ការពារខ្លួនក្តី ប៉ុន្តែទីក្រុងព្យុងយ៉ាង តែងតែថ្កោលទោសសមយុទ្ធនេះថាជាការបង្កហេតុ។ ការប្រកាសធ្វើសមយុទ្ធនេះ កើតឡើងស្របពេលដែលទំនាក់ទំនងកូរ៉េទាំងពីរកំពុងតានតឹងខ្លាំង ខណៈដែលកូរ៉េខាងជើងទើបតែបានបាញ់មីស៊ីលសាកល្បងកាលពីសប្តាហ៍មុន និងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលគោលដៅ «បង្រួបបង្រួមជាតិ» ព្រមទាំងប្រកាសខ្លួនឯងថាជា «រដ្ឋអាវុធនុយក្លេអ៊ែរ» ជាផ្លូវការថែមទៀតផង៕

You might also like